បន្ទាយមានជ័យៈ ដើម្បីធានាបាននូវគុណភាពម្ហូបអាហារក្នុងខេត្តបន្ទាយមានជ័យ នាឱកាសបុណ្យភ្ជុំបិណ្ឌ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ បានសហការជាមួយកម្លាំងសមត្ថកិច្ច ចម្រុះធ្វើការត្រួតពិនិត្យគុណភាពម្ហូបអាហារនៅផ្សារត្រី ក្រុងប៉ោយប៉ែត។
លោក ហុង លៀង អនុប្រធានទី១ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្ថិតទីផ្សារ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ លើការទប់ស្កាត់ ការចរាចរណ៍ ការដាក់តាំងលក់ទំនិញខូចគុណភាព ក្នុងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំមន្ត្រីរបស់លោក សហការជាមួយ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចសេដ្ឋកិច្ចខេត្ត ប៉ូលិសសេដ្ឋកិច្ចក្រសួង មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យ ការដាក់តាំងលក់ទំនិញលើទីផ្សារ ក្នុងផ្សារត្រី នៃក្រុងប៉ោយប៉ែត ។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីរបស់លោក ក៏ដូចជាសមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតនូវទំនិញខូចគុណភាពមួយចំនួនដូចជា នំកញ្ចប់ហួសកាលបរិច្ឆេទ កម្ទេចមី ទឹកខ្មេះដែលច្បាប់ហាមឃាត់មិនឲ្យលក់ក្នុងទីផ្សារកម្ពុជានំ និងទឹកក្រូចគ្មានស្លាកយីហោត្រឹមត្រូវជាច្រើន ។
ជាមួយគ្នានេះដែរលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសក្នុងរដូវភ្ជុំបិណ្ឌនេះ មុននឹងទិញទំនិញ ឫចំណីអាហារ យកទៅបរិភោគ ឫយកទៅប្រគេនព្រះសង្ឃនិងប្រើប្រាស់ ត្រូវពិនិត្យឲ្យបានច្បាស់លាស់លើស្លាកសញ្ញា កាលបរិច្ឆេទ និងប្រភេទទំនិញ ជៀសវាងប្រើប្រាស់ទំនិញខូចគុណភាព និងទំនិញដែលអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ ៕
មតិយោបល់