ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើលដែលគ្រាន់តែ គ្រុប«គ្រួសារតារាកម្ពុជា»មិនអនុញ្ញាតិឲ្យក្លាយជាសមាជិករបស់ក្រុមនេះសោះ ស្រាប់តែលោកអ៊ឹម ជីវ៉ា ឆេះដុំរហូតដល់ការបង្ហោះសារជេរប្រមាថយ៉ាងពេញទំហឹង ជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ទោះតារារូបនេះ ឆ្លើយថាខ្លួនមិនបានសំដៅលើប្រធានគ្រុប «គ្រួសារតារាកម្ពុជា» ក៏អង្គហេតុជាក់ស្ដែងគឺមានភស្ដុតាងជាទូទៅថា លោកជេរសំដៅមកលើស្ថាបនិករបស់ក្រុមនេះបន្ទាប់ពីគ្រុប«គ្រួសារតារាកម្ពុជា»មិនអនុញ្ញាតិឲ្យធ្វើជាសមាជិកក្នុងក្រុម។
ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានអះអាងថានៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ក្នុងពេលតារាសិល្បៈភាគច្រើនបានឃើញវត្តមានរបស់លោក អ៊ឹម ជីវ៉ា លេងឆាតក្នុងគ្រុប«គ្រួសារតារាកម្ពុជា»សមាជិកភាគច្រើនដែលជួបជុំគ្នាធ្វើបុណ្យក៏ស្រឡាំងកាំង ហើយសម្រេចឲ្យគេ Remove ចេញវិញ។
លោក ផាត់ តារារដ្ឋ អ្នកទទួលខុសត្រូវគ្រុប បានអះអាងថា លោកអ៊ឹម ជីវ៉ា មិនមានបញ្ហាជាមួយលោកដែលជាស្ថាបនិកក្រុមនោះទេ ប៉ុន្តែតារារូបនេះត្រូវបានសមាជិកមួយចំនួនទទូចមិនឲ្យចូលក្រុមតាំងពីគ្រុប «គ្រួសារតារាកម្ពុជា» មានសមាជិកទើបជិត១០០នាក់។
លោកនិយាយថា«សម្រាប់ជីវ៉ា ពួកយើងមានហេតុផលច្រើន ទី១គាត់មានគ្រុប ផ្ទាល់ខ្លួនរបស់គាត់ដែរ ដែលមិនខុសពីមេក្រុមតារាមួយ ទី២គាត់មានផេកព័ត៌មានផ្ទាល់ខ្លួនមួយឈ្មោះសិល្បៈករម្ពុជាដែលអាចផ្សាយដំណឹងផ្សេងៗដែលអាចជារឿងសម្ងាត់របស់គ្រុបបាន ហើយសម្រាប់ទី៣គឺគាត់ជាតារាដែលមានសមាជិកមួយចំនួនក្នុងក្រុមរបស់យើងមិនសប្បាយចិត្តឲ្យចូលតាំងពីដំបូង!»។ លោកថានៅក្នុងគ្រុបរបស់លោក អត់មានប្រកាន់តារានោះទេ ប៉ុន្តែសម្រាប់សមាជិកចំណូលថ្មី គឺលុះត្រាតែមានការស្រុះស្រួលពីសមាជិកក្នុងក្រុមទើបមានសិទ្ធិទាញចូល ដោយលោកពន្យល់ថាតារាសិល្បៈនៅក្នុងរង្វង់គ្នាឯងក៏មានតារាមិនសូវត្រូវគ្នាផងដែរ។ លោកនិយាយថា«យើងអត់សំដៅថាគាត់(ជីវ៉ា)ជាតារាមានបញ្ហាអ្វីខ្លះនោះទេ ប៉ុន្តែផ្អែកតាមភាពជាក់ស្ដែងគឺសមាជិកមួយចំនួនគេខ្លាចគាត់ អ្នកខ្លះលើកមកចំៗថាគាត់សម្បូររឿងបង្ហោះថាឲ្យអ្នកនេះ អ្នកនោះ ហើយកន្លងមកមានតារាមិនតិចនាក់ទេបានប្រកាសថាបើដាក់គាត់ចូល(ជីវ៉ា)គឺគេនឹងចាកចេញ!»។ លោកថាហេតុផលដកលោកអ៊ឹម ជីវ៉ា ភ្លាមៗក្រោយពេលដឹងថាមានអ្នកទាញចូល វាមិនមែនដល់ថ្នាក់ត្រូវតារារូបនេះឈានដល់ការប្រកាសជេរជាសាធារណៈរំលោភលើសេចក្ដីថ្លៃថ្នូររបស់បុគ្គលណាម្នាក់ខុសពីច្បាប់បែបហ្នឹងបានទេ ដោយសារតែការដកបុគ្គលណាម្នាក់ចេញពីគ្រុប គឺម្ចាស់គ្រុបនីមួយៗមានសិទ្ធិគ្រប់គ្រាន់។
លោកអ៊ឹម ជីវ៉ា បានអះអាងថា ការបង្ហោះសាររបស់លោកមិនបានសំដៅតិះដៀលទៅលើប្រធានគ្រុប «គ្រួសារតារាកម្ពុជា»នោះទេ ដោយលោកបញ្ជាក់ថាខ្លួនមិនបានបញ្ចេញឈ្មោះ។ យ៉ាងណាមិញ ផ្អែកតាមអង្គហេតុតារារូបនេះមិនអាចគេចផុតពីការលាងខ្លួនរួចទេ ដោយសារការបង្ហោះសាររបស់លោក កើតឡើងភ្លាមៗបន្ទាប់ពីលោកត្រូវគ្រុប «គ្រួសារតារាកម្ពុជា» Remove ចេញពីក្រុម។ ម្យ៉ាងលោក អ៊ឹម ជីវ៉ាខ្លួនឯង ក៏បានខលទៅប្រតិកម្មដាក់ត្រចៀកកញ្ញាស្រីពៅមុខឈើ នៅចំពោះមុខស្ថាបនិក និងសមាជិកជាច្រើនដែលសុទ្ធតែបានដឹងឮក្នុងពិធីជួបជុំញាំអាហារសាមគ្គីនាថ្ងៃនោះផងដែរ។ មានការកត់សម្គាល់ថា ការបង្ហោះសារជេររបស់លោកអ៊ឹម ជីវ៉ា មិនមែនជាលើកទី១នោះទេ ហើយទំនងជាបញ្ហានេះទើបជាហេតុធ្វើឲ្យតារាសិល្បៈក្នុងក្រុមខ្លាចរហូតមិនហ៊ានឲ្យលោកចូលរួម ចាប់តាំងពីគ្រុបទាំងមូលបង្កើតឡើង។
លោកផាត់ តារារដ្ឋ បញ្ជាក់ថា រឿងរ៉ាវនឹងត្រូវបញ្ចប់អាស្រ័យតែលើលោក អ៊ឹម ជីវ៉ា ម្នាក់គត់ដោយសារតារារូបនេះគឺជាអ្នកផ្ដើមឡើងនូវការជេរប្រមាថជាសាធារណៈផ្ទុយពីច្បាប់ ដោយគ្រាន់តែហេតុផលម្ចាស់គ្រុប«គ្រួសារតារាកម្ពុជា»សម្រេចលុបឈ្មោះលោកចេញតាមការស្នើសុំរបស់សមាជិក ក្រោយពីមានសមាជិកម្នាក់ទាញលោកដោយគ្មានការអនុញ្ញាតិចូលក្រុមបានប៉ុន្មានម៉ោង៕























មតិយោបល់