ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅ សូនីតា ទម្លាយគន្លឹះប៉ុន្មានចំណុច ដែលខ្លួនធ្លាប់ឆ្លងកាត់ ទំរាំជោគជ័យក្នុងជីវិតដូចបច្ចុប្បន្ន

(ភ្នំពេញ)៖ ជាច្រើនឆ្នាំកន្លងមកនេះ គេសង្កេតឃើញថា តារាសម្ដែងអ្នកនាង នៅ សូនីតា បានរួមរស់យ៉ាងមានសុភមង្គលជាមួយស្វាមីរបស់ខ្លួន គឺអ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ល្បី លោក ទិត្យ ថាវរិទ្ធ បន្ទាប់ពីអ្នកទាំងពីរក្រាមក្បាលដល់កន្ទេល តាមប្រពៃណី រហូតមានកូនប្រុសម្នាក់ជាចំណងដៃ។ យ៉ាងណាមិញ ទំរាំរស់នៅយ៉ាងមានក្តីសុខដូចបច្ចុប្បន្ននេះ ច្បាស់នឹង នៅ សូនីតា បានជួបប្រទះបញ្ហា លេបថ្ម លេបគ្រួស ច្រើនលើកច្រើនសារក៏ថាបាន ត្បិតថាក្នុងនាមជាតារាល្បីម្នាក់នឹងគេ តែមិនបានរៀបការធំដុំដូចគេ ជាហេតុនាំឲ្យមានមតិរិះគន់មួយចំនួនតែងតែឌឺដងជាដើម។ តែយ៉ាងណា តារាស្រីរូបនេះ នៅតែមានក្តីសុខ ដោយសារតែគន្លឹះផ្ទាល់ខ្លួនខាងក្រោមនេះ៖

ជាក់ស្តែងមុននេះបន្តិចអ្នកនាង នៅ សូនីតា បានបង្ហោះសារយ៉ាងវែង រៀបពីចំណុចខ្លះៗ ដើម្បីឲ្យមនុស្សគ្រប់រូបឈានទៅរកភាពជោគជ័យក្នុងជីវិត ដោយក្នុងនោះនាង បានសរសេរៀបរាប់ថា «ខ្ជិលគឺជាពាក្យដែលមិនមាននៅក្នុងវចនានុក្រមរបស់មនុស្សជោគជ័យទេ។ កុំព្យាយាមគេចកំហុសខ្លួនឯង ព្រោះអ្នកអាចនឹងទូលវារាប់ពាន់កំហុសទៅថ្ងៃមុខ។ យកកំហុសមកកែឆ្នៃភាពខ្វះចន្លោះដែលមានទុកជាបទពិសោធន៏។ មិនដែលឃើញមនុស្សជោគជ័យណាដែលមិនធ្លាប់បរាជ័យនោះទេ បើមិនធ្លាប់បរាជ័យមានន័យថាក៏មិនធ្លាប់ជោគជ័យដែរ។ ចង់មានចង់បានតែយកខ្នងធ្វើគូទ លើលោកនេះគ្មានសំណាងផ្តល់អោយមនុស្សដែលមិនប្រឹងប្រែងនោះទេ។ កាលវិភាគជីវិត គឺជាទម្លាប់នៃភាពដាស់តឿនសំរាប់មនុស្សជោគជ័យ»។

តារាស្រីរូបនេះបានបន្តថា « ចុងក្រោយ កុំភ្លេចចាយលុយឲ្យមានផែកការណ៍ឲ្យច្បាស់ក្នុងខ្លួន។ តក់ៗពេញបំពង់ មិនដែលឃើញអ្នកមានណាមានប្រវត្តិសន្សំលុយប្រាក់ដុល្លារឡើងទៅទេ. គេសន្សំចាប់ផ្តើមពីកាក់ល្អិត។ ផ្តល់ឱកាសឲ្យខ្លួនឯងមានការចូលរួម និង ទំនាក់ទំង ព្រមទាំងភាពក្លាហាន។ រៀបរៀងដោយ. នៅ សុនិតា»។

គួរជម្រាបថា ចាប់តាំងពីមានស្វាមីមក តារាសម្តែងស្រី នៅ សូនីតា ហាក់មិនសូវបង្ហាញវត្តមាន ក្នុងខ្សែភាពយន្តខ្មែរច្រើនប៉ុន្មានទេ តែរូបនាងនៅតែរក្សាការងារក្នុងវិថីសិល្បៈដដែល ទោះបីជាជីវិតហាក់មានភាពរវល់ខ្លាំង ជាមួយនឹងកូនប្រុស ហើយស្វាមីក៏ដោយ។ មិនតែប៉ុណ្ណោះ នាងធ្លាប់បានជីកកកាយរឿងជីវិត របស់រូបនាង ដែលត្រូវជួបប្រទះរយៈពេល៣១ឆ្នាំមកនេះ បើទោះបីជា ម្តាយឪពុកមានលទ្ធភាពក្តី តែរូបនាង សុទ្ធចិត្តលះបង់ជីវិតជា យុវវ័យសប្បាយរីករាយ គេងគ្រប់ ហូបឆ្អែត ដើម្បីតែហាត់ពត់លត់ដំខ្លួន ឲ្យស្គាល់ពីតម្លៃលំបាកនៃការរកលុយ។

មតិយោបល់