ភ្នំពេញៈ ទើបតែត្រលប់មកពី ការសម្ដែងនៅអូស្រ្តាលី បានប៉ុន្មានសប្ដាហ៍សោះ ពេលនេះតារាចម្រៀង សាច់ដូចបណ្ដូលចេក លោកអេឡិច ចន្ត្រា មានដំណើរទៅអូស្រ្តាលី ជាថ្មីទៀតហើយ។
ដោយឡែកអ្វីដែលគេ ចាប់អារម្មណ៍នោះ គឺលោកមិនមែនទៅសម្ដែង ដោយលោកចេញទៅ ដើរលេង ហើយឈ្មោះអ្នកដែលធានា លោកនៅទូតអូស្រ្តាលី គឺជាអតីតតារាសម្ដែងជើងចាស់ លោកស៊ុក សុភា ។
យោងតាមការប្រកាស ឲ្យដឹងថាលោកអេឡិច ចន្ត្រា នឹងចាកចេញទៅកាន់ ប្រទេសអូស្រ្តាលី នៅយប់ថ្ងៃ៥ តុលានេះ ដោយលោកចេញដំណើរទៅតែម្នាក់ឯងប៉ុណ្ណោះ ដើម្បីដើរលេង និងថាមានគម្រោងពាក់ព័ន្ធនឹង ការងារតិចតួច ។ យ៉ាងណាមិញ គេមិនដឹងថាកិច្ចការ ដែលលោកទម្លាយឲ្យដឹងនោះ ពាក់ព័ន្ធនឹងការចេញសម្ដែងដូចគ្នា នឹងការឡើង ទៅលើកមុននោះទេ ដោយសារតែពាក្យស្នើសុំ ដែលលោកបានដាក់ទៅកាន់ ទូតអូស្រ្តាលី និងត្រូវបានអនុញ្ញាតិ ឲ្យលោកបានចេញទៅអូស្រ្តាលី គឺទៅដើរកម្សាន្ត ដោយមិនមែនទៅដើរលេង ។ ប្រភពពីទូតអូស្រ្តាលី បានអះអាងថា លោកអេឡិច ចន្ត្រា ដែលមានឈ្មោះពិតថា ប៉ោ ស្រ៊ុន ត្រូវបានឈ្មោះស៊ុក សុភា ដែលជាតារាសម្ដែងជើងចាស់ និងជាអនិកជនខ្មែរ រស់នៅប្រទេសអូស្រ្តាលី ធានាចេញ ទើបលោកទទួលបានសិទ្ធិទៅ កម្សាន្តនៅក្នុងប្រទេសអូស្រ្តាលី ពេញរយៈពេល៤សប្ដាហ៍ ។
ពាក់ព័ន្ធនឹងមូលហេតុ ដែលនាំឲ្យ ស៊ុក សុភា ធានាលោកអេឡិច ចន្ត្រា ឲ្យមានសិទ្ធិដើរលេងដល់ទៅ១ខែ នៅអូស្រ្តាលីនេះ លោកអេឡិច ចន្ត្រា មិនទាន់អាចសុំចម្លើយបានឡើយ ។
ប៉ុន្តែយោងតាមអ្នកនាងសារីនណា ភរិយារបស់លោកស៊ុក សុភា បានអះអាងថា គឺដោយសារតែ លោកអេឡិច ចន្ត្រា មានបំណងចង់មកកម្សាន្ត នៅអូស្រ្តាលី ហើយបានពឹងពាក់ឲ្យ លោកស៊ុក សុភា ឈរឈ្មោះធានាទើបស្វាមី របស់អ្នកនាងទទួលយកសំណើរ ។ អ្នកនាងថារវាងលោក អេឡិច ចន្ត្រា និងស្វាមីរបស់ខ្លួន មានការរាប់អានគ្នាជាអ្នកសិល្បៈ និងតាមឆាតហ្វេសប៊ុក និងយល់ថាដំណើរ មកលេងរបស់លោកអេឡិច ចន្ត្រា មិនមានប៉ះពាល់ដល់ការធានា របស់លោកស៊ុក សុភាផង ទើបអ្នកនាងយល់ស្របឲ្យធានា ។ អ្នកនាងថាយោងតាមការ ធានាមកដើរលេង លោកអេឡិច ចន្ត្រា មិនអាចចេញសម្ដែងផ្លូវការ ដូចមុនបានទេ ប៉ុន្តែបើគ្រាន់តែជាការរាំច្រៀង ជាលក្ខណៈមិនលក់សំបុត្រគឺអត់បញ្ហា។ អ្នកនាងថាលោកស៊ុក សុភា មិនមែនទើបតែធានាលោកអេឡិច ចន្ត្រា ជាលើកទី១នោះទេ ដោយពេលកន្លងមក ឈ្មោះលោកក៏ធ្លាប់ធានាតារាផ្សេង ឲ្យមកអូស្រ្តាលីបែបនេះដែរ ទើបលោកមានកេ្រឌីតល្អ នៅទូតអូស្រ្តាលី ក្នុងការធានាលោកអេឡិច ចន្ត្រា លើកនេះ។ អ្នកនាងថាស្វាមីខ្លួន គ្រាន់តែឈរឈ្មោះធានាប៉ុណ្ណោះ ប៉ុន្តែពាក់ព័ន្ធនឹង បន្ទុកចំណាយគឺជារឿង របស់លោកអេឡិច ចន្ទ្រានោះទេ ៕
មតិយោបល់