កណ្តាលៈ ស្ត្រីម្នាក់ កើតមានអាការៈមិនស្រួលខ្លួន ក៏ពឹងឲ្យប្តីជួយកោសខ្យល់ឲ្យ រហូតស្លេកស្លាំង ដាច់ខ្យល់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចដែលចុះទៅធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុបានឲ្យដឹងថាសាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ យន័ ចាន់តារា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកសិករ ដោយមានប្តីឈ្មោះ ឈុន សុធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងចម្លាក់ អ្នកទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
បើយោងតាមប្រភពព័ត៌មានពីបុរសជាប្តី បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានសភាពងងឹតមុខនិងឈឺក្បាល ហើយបានប្រើខ្លួនជាប្តីឲ្យកោសខ្យល់ និងធ្វើចលនា រហូតដល់ម៉ោង៦យប់ ជនរងគ្រោះបានបាត់មាត់ និងបញ្ឈរភ្នែកទើបខ្លួនប្តីឲ្យថ្នាំប៉ារ៉ា១គ្រាប់ ប៉ុន្តែក្រោយពេលលេបថ្នាំរួចហើយនោះ ជនរងគ្រោះមានសភាពរឹងថ្គាម ទើបគាត់ជាប្តីបាននាំប្រពន្ធទៅផ្ទះគ្រូពេទ្យឯកជន ពេលទៅដល់គ្រូពេទ្យឈ្មោះគឹម ទូចបានបញ្ជាក់ថា ជនរងគ្រោះមានសភាពធ្ងន់ធ្ងរហើយត្រូវបញ្ជូនទៅមន្ទីពេទ្យរដ្ឋ ដោយលោកគ្រូពេទ្យ បានចាក់ថ្នាំនិងព្យួរសេរ៉ូម ។ លុះដល់វេលាម៉ោង៧យប់ថ្ងៃដដែល ស្រាប់តែប្រពន្ធរបស់គាត់ បានដាច់ស្លាប់ បាត់បង់ជីវិតទៅហើយ ទើបគាត់នាំប្រពន្ធមកវិញ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ចុះមកធ្វើការពិនិត្យ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាណន សហការជាមួយនិងនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យ ស្រុកខ្សាច់កណ្តាល បានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ឆ័យទៅលើសាកសពជនរងគ្រោះ ដោយពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ដូច្នេះហើយសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារខ្យល់គ គាំងបេះដូងប្រាកដមែន ។ និងបានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់