ភ្នំពេញ:យោងតាមការឲ្យដឹងរបស់លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានអះអាងថា នៅរសៀលថ្ងៃសៅរ៍ទី៣០ មេសា ចាប់ពីវេលាម៉ោង២រសៀលនោះ នឹងមានតារាសិល្បៈយ៉ាងច្រើនកុះករ បង្ហាញខ្លួនជួបជុំគ្នា ធ្វើបុណ្យឧទ្ទិសកុសលដល់វិរៈសិល្បកររួមមានលោក គង្គ ប៊ុនឈឿន និងក្រុមតារាសិល្បៈជាច្រើនផ្សេងទៀតដែលបាត់បង់ជីវិតទៅ។
ពិធីនេះ នឹងជួបជុំគ្នានៅបរិវេណសាលាបញ្ញាសាស្រ្ត នៅម្ដុំវិមានឯករាជ្យ ដោយក្រៅពីតារាសិល្បករគ្រប់ជំនាន់ទាំងចាស់ទាំងក្មេង លោកថាក៏មានវត្តមានមន្ត្រីជាន់ខ្ពស់ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមសប្បុរសជនមកពីគ្រប់ទិសទីដែលស្រឡាញ់ និងគោរពដល់តារាសិល្បៈដែលចែកឋានទៅចូលរួមផងដែរ។
លោក សុះ ម៉ាច មិនអាចប៉ាន់ស្មាន ពីចំនួនតារាសិល្បៈឲ្យប្រាកដនៅឡើយទេ ដោយលោកគ្រាន់តែប៉ាន់ស្មានថា នឹងមានចំនួនច្រើនដោយសារតែសមាគមបានជូនដំណឹង ម្យ៉ាងពិធីបុណ្យនោះក៏ជាបុណ្យដែលផ្ដួមរួមគ្នាតារាសិល្បៈនៅក្នុងពិភពសិល្បៈនោះផង។
លោកទទូច ឲ្យតារាសិល្បៈចូលរួមកុំឲ្យមានការរើសអើង ដោយសារពិធីដែលបានគ្រោងឡើងនោះ គឺមិនមានការអញ្ជើញដោយសំបុត្រអញ្ជើញនោះទេ ប៉ុន្តែទាមទារឲ្យមានការស្ម័គ្រចិត្ត និងបរិច្ចាគពេលវេលាដើម្បីគោរពដល់វិរៈសិល្បករដែលបាត់បង់ជីវិតទៅ។ ពិធីនោះក៏មានបង្ហាញនូវរបាំ ចម្រៀង ការបង្ហាញម៉ូដ ដែលចូលរួមស្ម័គ្រចិត្តដោយតារាសិល្បៈគ្រប់ជំនាន់ដែលនៅប្រឡូកសិល្បៈនោះផងដែរ៕
មតិយោបល់