ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ចុះពន្លឿនការកសាង ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វា ស្របពេលផលប៉ះពាល់ ដោះស្រាយបាន៧០%

ភ្នំពេញ:ដើម្បីពិនិត្យ និងដោះស្រាយនូវចំណុចសំខាន់ៗមួយចំនួន ទៅលើការកសាងអគារដ្ឋបាលខណ្ឌ សាកលវិទ្យាល័យ ផ្លូវ លូប្រឡាយនៅ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ និងដើម្បីឲ្យតំបន់នេះឈានទៅដល់ការអភិវឌ្ឍន៍ឲ្យបានលឿនទៅហ្នឹងអ្វីដែលបានគ្រោងទុក អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស កាលពីរសៀលថ្ងៃទី២៨ បានដឹកនាំក្រុមការងារសាលារាជធានី ចុះពិនិត្យទីតាំង នេះ ដោយលោកបានជំរុញឲ្យមាន ការពន្លឿនលើការងារនេះឲ្យបានលឿនផងដែរ។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន OCIC បានធ្វើឲ្យតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ បានការប្រែប្រួលគួរឲ្យកត់សំគាល់ ដូចជាការដោះស្រាយបញ្ហាផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលមានភូមិដ្ឋាន នៅភូមិចាស់។

លោកថា ភូមិចាស់នេះអាជ្ញាធរមូលដ្ឋានជ្រោយចង្វា ខាងសុរិយោដីបាននិងកំពុងចុះបញ្ជីដីធ្លីនេះជូនប្រជាជនហើយ។ចំណុចសំខាន់មួយទៀតគឺសាលារាជធានីភ្នំពេញនិងខណ្ឌជ្រោយចង្វា បានចុះមកពិនិត្យ ដើម្បីពន្លឿនពីប្រព័ន្ធលូ ប្រឡាយដែលរដូវវស្សានឹងមកដល់នាពេលឆាប់ៗខាងមុខនេះដើម្បីបញ្ជៀសបញ្ហាទឹកលិចជូនបងប្អូនប្រជាពលរដ្ឋនៅតាមផ្លូវលេខ៦នេះ។

លោកបន្តថា ក្នុងដំណើរនៃការត្រួតពិនិត្យនេះ ក្រុមការងារបានពិនិត្យទៅលើការដ្ឋានកសាងអគាររដ្ឋបាលរបស់រដ្ឋផងដែរ ស្របពេលដែលទីតាំងនោះកំពុងតែរៀបចំ ។ក្នុងនោះបាពិនិត្យទៅលើទីស្នាក់ការសាលាខណ្ឌចង្វា ដែលបាននឹងកំពុងសាងសង់។

ក្រៅពីនេះយើងបានដោះស្រាយបញ្ហា បើកផ្លូវ១០០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦ ដោយយើងបានបង្កើតផ្លូវថ្មីមួយនេះឡើងដើម្បីរំដោះចរាចរស្របជាមួយផ្លូវលេខ៦ ហើយការបើកផ្លូវបានវាបានប៉ះពាល់ ដល់ក្រសួងសុខាភិបាល ប៉ុន្តែក្រសួងនេះបានសម្របសម្រួល រហូតបង្កើតបានជាផ្លូវថ្មីនេះឡើង។

ជាងនេះទៅទៀតក្រុមការងារបានពិនិត្យទៅលើដី៤ហិកតា ដែលយើងត្រៀម ក្នុងការសាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរបស់ក្រសួងវប្បធម៏ និងវិចិត្រសិល្បៈនៅទីនេះដែរ ដែលទាំងនេះជាគម្រោងរបស់រាជរដ្ឋាភិបាល។

ក្នុងនោះលោក ប៉ា សុជាតិវង្ស ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានផលប៉ះពាល់សូមកុំព្រួយបារម្ភ ដោយសារតែសាលារាជធានីភ្នំពេញពិតជាមានគោលការណ៍ច្បាស់លាស់ក្នុងការដោះស្រាយលើបញ្ហានេះហើយ ដោយយើងបានធ្វើការចែករំលែកចូលរួមបដិភាគដើម្បីឲ្យតំបន់នេះទទួលបានការអភិវឌ្ឍន៍មួយ ដោយចីរភាព ។ ក្នុងនោះតំបន់នេះមានទាំងអគាររដ្ឋបាល អគារសុខាភិបាលលូ ប្រឡាយ ផ្លូវ និងសួនច្បារ ផ្សារ សន្តិសុខ សណ្ដាប់ធ្នាប់ជាដើម នេះជាគម្រោងប្លង់គោលរបស់សាលារាជធានីភ្នំពេញ ។

លោកអភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ ការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ គឺយើងដោះស្រាយបានចំនួនប្រមាណ ៧០% ។ដោយឡែកប្រជាពលរដ្ឋភូមិចាស់រស់នៅជាក់ស្តែង យើងបានដោះស្រាយជូន ១០០%ហើយ៕

photo_2016-04-29_08-55-35 photo_2016-04-29_08-55-33 photo_2016-04-29_08-55-38 photo_2016-04-29_08-55-40 photo_2016-04-29_08-55-41 photo_2016-04-29_08-55-42 photo_2016-04-29_08-55-39

មតិយោបល់