ភ្នំពេញៈ បាត់មុខពីសិល្បៈមួយរយៈអតីត Freshy girl លេខ២ ឆ្នាំ២០១០កញ្ញាថៃ នារីសុជាតា ដែលជាកូនស្រីលោក ថៃ នរៈសត្យា និងកវីនិពន្ធបទចម្រៀងដ៏ល្បីឈ្មោះអ្នកស្រី ងិន ម៉ានីយ៉ា ត្រូវគេឃើញលេចមុខយ៉ាងក្រឡឺមនៅមណ្ឌលផ្ដល់ឈាមនៅបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី១៦ តុលាមុននេះ។ នេះជាការបង្ហាញខ្លួន បន្ទាប់ពីតារារូបនេះ ត្រូវបានគ្រួសារបញ្ជាក់ថា នាងទៅសិក្សាជំនាញផ្នែកសិល្បៈនៅប្រទេសថៃអស់មួយរយៈ។
អ្នកស្រី ងិន ម៉ានីយ៉ា កវីនិពន្ធបទចម្រៀងដ៏ល្បីដែលត្រូវជាម្តាយបង្កើតបានបញ្ជាក់ថា ការបាត់មុខរបស់ ថៃ នារីសុជាតា មួយរយៈធំកន្លងមកនេះ ដោយសារតែនាងត្រូវទៅសិក្សាផ្នែកសិល្បៈនៅប្រទេសថៃ ហើយនាងនឹងត្រឡប់មកក្នុងវិស័យសិល្បៈវិញ។
អ្នកស្រីនិយាយថា «ជាតា ទើបត្រឡប់មកពីថៃវិញ ក្រោយរៀនចប់នៅទីនោះផ្នែក ឌីហ្សាញ និងអ្នកដើរម៉ូដអាជីពនោះ»។
រូបភាពដែលថតកាលពីម្សិលមិញ បានបង្ហាញឲ្យឃើញថា ប្អូនស្រីពៅរបស់ Freshy Boy លេខ១ឆ្នាំ២០១៦ លោក ថៃ នរៈពិទូ រូបនេះបានបំពេញក្រដាសបែបបទ និង ឈរតម្រង់ជួរចាំបរិច្ចាគឈាម ក្រោយពេលតារារូបនេះហាក់ដូចជាមិនសូវចូលប្រឡូកក្នុងវិស័យសិល្បៈពេញលេញ បន្ទាប់វិលពីប្រទេសថៃនោះ។
នៅថ្ងៃបរិច្ចាគឈាមកាលពីម្សិលមិញ តារាស្រីវ័យជាង ២០ ឆ្នាំរូបនេះ មិនមែនទៅបរិច្ចាគឈាមតែម្នាក់ឯងឡើយ ពោលគឺជាង១០នាក់ ហើយក្នុងនោះមានវត្តមានមិត្តភក្ដិ ដែលជាអ្នកសិល្បៈដូចគ្នាពីរនាក់ទៀតរួមមានកញ្ញា សន សុធី ពិធីការិនីនៅស្ថានីយទូរទស្សន៍បាយ័ន និងលោក គីម សុងឌីន ដែលជាអ្នកចម្រៀង Original ផងដែរ។
សុជាតា និយាយថា «ខ្ញុំមានទីផ្សារច្រើននៅប្រទេសថៃ ទាំងដើរម៉ូដ និង ឌីហ្សាញ ហើយខ្ញុំទទួលបានការងារជាប្រចាំនៅប្រទេសថៃ ប៉ុន្តែនៅពេលមកស្រុកខ្មែរនេះ ខ្ញុំមិនទាន់បានទាក់ទងការងារនៅឡើយទេ»៕
មតិយោបល់