ខណៈដែលអ្នកតាមដានស្ទើរពាក់កណ្ដាលដែលនិយមសិល្បៈសុទ្ធតែយល់ថា កញ្ញាប៉ុបពី និងអតីតបេក្ខជនរបស់កម្មវិធីឌីភី លោកអៀង វុត្ថា គឺជាគូស្នេហ៍ក្រៅឆាកនឹងគ្នា នៅក្នុងពេលនេះ តារាទាំងពីរដួងបានចេញមុខស្រាយបំភ្លឺ។ អ្នកទាំងពីបានចេញមុខស្បថពី ចំណងស្នេហ៍ដែលមានជាច្រើនតាមដានយ៉ាងក្ដៅគគុកនោះផង ។
លោកអៀង វុត្ថា និយាយថារវាងលោក និងកញ្ញាប៉ុបពី គ្រាន់តែរាប់អានគ្នាជារបៀបសិស្សច្បង និងសិស្សប្អូនប៉ុណ្ណោះ បន្ទាប់ពីលោកបានដាក់ពាក្យប្រលងចម្រៀងរបស់ផលិតឌីភី កាលពីប៉ុន្មានឆ្នាំមុន ហើយកញ្ញាប៉ុបពី គឺជាគណកម្មការផ្ដល់ពិន្ទុនាពេលនោះ។ លោកថារវាងខ្លួន និងតារាភេទទី៣ស្រស់ស្អាតរូបនេះ មិនធ្លាប់មានទំនាក់ទំនងស៊ីជម្រៅរហូតដូចពាក្យគេថាជាប្ដីប្រពន្ធនោះទេ ។
យ៉ាងណាមិញ លោកបានទទួលស្គាល់ថាទំនាក់ទំនងរវាងលោក និងប៉ុបពីកន្លងមកគឺស្និទ្ធស្នាលហួសពីមិត្តភ័ក្រ្ត ឬបងប្អូន ទើបមានព័ត៌មានជាហូរហែរថាលោក គឺជាស្វាមីរបស់ប៉ុបពីមកទល់ពេលនេះ។ លោកថាធ្លាប់បានចុះតាមខេត្តច្រើនលើក ជាមួយប៉ុបពីក្នុងរយៈពេលស្គាល់គ្នា ប្រមាណជាង៤ឆ្នាំកន្លងមក ប៉ុន្តែដំណើរចេញខេត្តទាំងនោះ គឺទៅជាមួយក្រុមការងារប៉ុណ្ណោះ មិនមែនទៅជារបៀបគូស្នេហ៍នោះឡើយ។ លោកបានប្រកាសស្បថថារវាងលោក និងប៉ុបពីមិនធ្លាប់មានរឿងស៊ីជម្រៅទេ អ៊ីចឹងហើយទើបលោកពិបាកទទួលយកក្រោយពីលោកទៅណាមកណា ហើយមានគេលើកឡើងថាខ្លួនជាស្វាមីរបស់នាង ។
មិនខុសគ្នាដែរ កញ្ញាប៉ុបពី បានប្រកាសស្បថមុខថ្ងៃបើនាង និងលោកវុត្ថា ពិតជាស្នេហាគ្នានាពេលអតីតកាល ។ នាងថានាពេលកន្លងមកធ្លាប់តែមានអារម្មណ៍តិចតួច នៅពេលលោកវុត្ថាបង្ហាញភាពស្និទ្ធស្នាល ក្នុងពេលការងារប៉ុណ្ណោះ ប៉ុន្តែបើឲ្យពាក់ព័ន្ធលើសហ្នឹង គឺនាងហ៊ានស្បថថាអត់មាននោះទេ ដោយសារតែក្នុងពេលនោះ នាងក៏មានគូស្នេហ៍ ហើយលោកវុត្ថាក៏មានម្ចាស់ចិត្ត ។ នាងថារយៈពេលស្និទ្ធស្នាលត្រូវបានឃ្លាតឆ្ងាយប្រមាណ ជាមួយរយៈមកហើយ និងថារូបភាពកៀកកើយ ដែលត្រូវគេសង្ស័យថា ជាភាពក្អូកល្អិនបង្អួតចំណងស្នេហ៍នោះ គឺជារូបចាស់ៗនោះទេ ។ នាងថាដំណឹងស្រឡាញ់ និងថាពួកនាងជាប្ដីប្រពន្ធ កំពុងលាបពណ៌ឲ្យនាង និងលោក មិនហ៊ានមើលមុខគ្នា នាពេលចុងក្រោយជាពិសេស ក្នុងពេលអ្នកទាំងពីរស្ថិតក្នុង Group «គ្រួសារតារាកម្ពុជា» ដែលមានការងារមួយចំនួនជួបគ្នា ។
យ៉ាងណាមិញ ចំពោះការលើកឡើងរបស់ពួកគេនៅមានមនុស្សមិនច្រើននោះទេជឿជាក់ ដោយសារតែពេលកន្លងមក អ្នកទាំងពីររំលេចភាពស្និទ្ធស្នាលគ្នាខ្លាំងមិនខុសពីគូស្នេហ៍ ៕
មតិយោបល់