ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វែង សុជាតា រំលឹករឿងប្ដី៣ សុទ្ធតែផិតក្បត់ និងប្រើហិង្សា

ក្រោយផ្ទុះរឿងស្វាមីជាគ្រូបារមីបែកធ្វេង និងផ្សំថ្នាំខ្មែរវាយតប់ឡើងហើមមុខហើមមាត់ អ្នកនាងស្វែង សុជាតា បានសារភាពថាអ្នកនាងពិតជាអភ័ព្វយ៉ាងខ្លាំង ដោយសារតែមានប្ដី៣សុទ្ធតែបានផិតក្បត់អ្នកនាង និងធ្វើឲ្យអ្នកនាងទទួលរងហិង្សាក្នុងពេលរួមរស់។ អ្នកនាងថាខ្លួនមានចរិតកាចឆ្នាស់តែពេលសម្ដែងក្នុងរឿងប៉ុណ្ណោះ ប៉ុន្តែនៅសភាពខាងក្រៅគឺមិនហ៊ានសូម្បីតែមាក់ងាយប្ដី និងប្រឆាំងគំនិតប្ដី ទើបបណ្ដាលឲ្យអ្នកនាងរមែងទទួលទណ្ឌកម្មទាំងនោះខុសពីស្រីដទៃ។

អ្នកនាងនិយាយថា ក្នុងពេលរួមរស់ជាមួយស្វាមីរៀបការកម្សត់កម្រ គឺលោក អេង ប៊ូឡុងដេត ក៏ស្វាមីរូបនោះផិតក្បត់ និងធ្លាប់ប្រើហិង្សាតិចតួចចំពោះអ្នកនាងផងដែរ ទើបអ្នកនាងសម្រេចចិត្តចាកចេញ ហើយសុខចិត្តរស់ជាស្រ្តីមេម៉ាយក្រោយមានកូន៣នាក់។ អ្នកនាងរៀបការជាមួយលោកក្នុងឆ្នាំ២០០០ ហើយឆ្នាំ២០១០ ក៏ចែកផ្លូវគ្នា ដោយសារតែបងស្រីធម៌ម្នាក់ដែលរស់ក្រៅស្រុកបានឆក់យកប្ដីអ្នកនាង ហើយស្វាមីនាងក៏សុខចិត្តបោះបង់អ្នកនាងព្រោះតែជាប់ចិត្តនឹងនារីនោះក្រោយពេលរាប់អានគ្នា និងដោយសារគេមានទ្រព្យសម្បត្តិច្រើន។ អ្នកនាងនិយាយថាខ្លួនអង្វរករស្វាមីអស់ចិត្ត ប៉ុន្តែមិនមានលទ្ធផលនោះទេ ក្រោយពេលលោក អេង ប៊ូឡុងដេត កាន់តែស៊ីសង្វាក់ជាមួយបងស្រីធម៌។

ក្នុងអំឡុងឆ្នាំ២០១២ អ្នកនាងក៏សម្រេចចិត្តរួមរស់ជាមួយបុរសក្រៅរង្វង់សិល្ប:ម្នាក់ទៀត ដែលត្រូវគេស្គាល់ថាឈ្មោះ លោក គង់ សុផារ៉ា ជាអនុសេនីយឯកនៅក្រសួងមហាផ្ទៃ។ អ្នកនាងបានប្រកាសបុរសនោះជាស្វាមីទី២ ដោយបានរួមរស់រហូតដល់មានផ្ទៃពោះជាមួយគ្នាផង។ ប៉ុន្តែចំណងស្នេហ៍ល្អូកល្អិនបានតែមួយរយ:ប៉ុណ្ណោះ ក៏ឈានដល់ប្រើហិង្សា និងបានអះអាងថាលោកគង់ សុផារ៉ា មានស្រីថ្មី ដោយបំផ្លាញទ្រព្យសម្បត្តិអ្នកនាងមួយចំនួន។ អ្នកនាងបានសម្រេចចិត្តរំលូតកូនចេញក្រោយពេលបែកបាក់ និងអះអាងថាស្វាមីម្នាក់នោះប្រមូលយកទ្រព្យរបស់អ្នកនាងអស់មួយចំនួនក្នុងពេលឈ្លោះគ្នាលើកចុងក្រោយ ដោយសូម្បីតែពានដែលអ្នកនាងធ្លាប់ទទួលក៏យកទៅបំផ្លាញ។

បន្តបន្ទាប់មកអ្នកនាងក៏ត្រូវគេឃើញខូចចិត្តរហូតធ្លាក់ខ្លួនបាក់រូបបាក់ឆោម អមដោយការប្រកាសថាកើតមានជំងឺមហារីកខួរក្បាលដល់ដំណាក់កាលធ្ងន់ធ្ងរ។ អ្នកនាងបានចាត់ទុក ថាស្វាមីក្មេងឈ្មោះថោង សុខុម បានជួយសង្គ្រោះដល់ខ្លួនទើបសម្រេចចិត្តរួមរស់ជាមួយបុរសនោះដោយយកលោកជាស្វាមី ហើយសម្ងំរស់នៅជាមួយគ្នារហូតបានកូនប្រុស១។ អ្នកនាងរមែងអួតថាស្វាមីជាអ្នកកាន់បារមី ជាអ្នកសច្ចំ និងជាអ្នកប្រោសសត្វ ប៉ុន្តែចុងក្រោយក៏ទម្លាយចេញពីមាត់ខ្លួនឯងមិនខុសពីមុនដដែលថា ស្វាមីជាគ្រូឱសថបុរាណនោះបានបន្លំលុយពីផ្ទះអស់ជាង២ម៉ឺនដុល្លារទៅចិញ្ចឹមស្រីក្មេង និងបានប្រើប្រាស់ហិង្សាចំពោះអ្នកនាងរាប់ភ្លេចរហូតទទួលយកលែងបាន។ អ្នកនាងមិនបានប្រកាសថាឈប់យកប្ដី ក្រោយពេលមានរឿងចុងក្រោយនោះទេ ដោយគ្រាន់តែបានប្រាប់ថាឆ្លងកាត់ប្ដី៣ សុទ្ធតែមានលំនាំដូចគ្នា គឺអ្នកនាងទំនងជាសុខចិត្តរស់នៅម្នាក់រកលុយចិញ្ចឹមកូនច្រើនជាង៕

មតិយោបល់