ភ្នំពេញ:កាលពីព្រឹកថ្ងៃទី២៩ មេសា ម្សិលមិញ តារាសម្ដែងអ្នកនាង សារ៉ាយ សក្កណា បានចាកចេញពីប្រទេសកម្ពុជា ដើម្បីបន្តដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ បន្ទាប់ពីនាងបាននាំស្វាមី និងកូនស្រីមកលេងស្រុក និងឆ្លៀតថតរឿងផងប្រមាណជាងមួយខែ។
នាងមិនច្បាស់ពីគម្រោង ឡើងមកលេងនៅពេលណានោះទេ ប៉ុន្តែបើមានកូនទី២ឆាប់ៗ គឺនឹងអាចដំណក់យូរ ដោយសារតែនាង និងស្វាមីចង់យកកូនម្នាក់ទៀត ក្រោយពេលឡើងទៅសហរដ្ឋអាមេរិក។
កញ្ញានិយាយថា កាលពីមុនខ្លួនមិនចង់បានកូនទី២ឆាប់ៗនោះទេ ដោយសារតែកូនទី១ ធ្វើឲ្យអ្នកនាងនឿយហត់ព្រោះតែភាពរពិស។ ប៉ុន្តែដោយសារតែនាងមិនចង់ពន្យារពោះយូរ និងចង់ឲ្យកូនច្បងមានគ្នាប្រឡែងនោះផង ទើបទំនងជាយកកូនទី២ក្រោយ ពេលបានឡើងទៅដល់ប្រទេសកំណើតរបស់ស្វាមី។
អ្នកនាងនិយាយថា នៅក្នុងសហរដ្ឋអាមេរិកអ្នកនាងនៅតែផ្ទះ និងមិនទាន់មានគម្រោងបើកអាជីពអ្វី ឬធ្វើការអ្វីនោះ ដោយសារតែការសិក្សាភាសាអង់គ្លេសក៏មិនទាន់បានចេះជ្រៅជ្រះសម្រាប់ដើរហើរ ឬស្វែងរកមុខរបរទៅកើត។
ម្យ៉ាងដោយសារតែនាងត្រូវមើលកូនតូចផង ទើបស្វាមីមិនឲ្យគិតរឿងការងារ ឬបើកជំនួញទេ។ អ៊ីចឹងហើយទើបនាងមានគម្រោងយកកូនក្នុងរយៈពេលឆាប់ៗ ដើម្បីឲ្យពេលកូនធំ គឺធំព្រមគ្នា ហើយអាចឲ្យអ្នកនាងអាចបើកជំនួញណាមួយកុំឲ្យអផ្សុកនៅពេលភាសាអង់គ្លេសដែលខ្លួនសិក្សាក៏ប្រើការបាន។
គួរបញ្ជាក់ថា អ្នកនាងបានឡើងទៅកាន់សហរដ្ឋអាមេរិកវិញ បន្ទាប់ពីបានបញ្ជប់ខ្សែភាពយន្តរឿងដុំមួយរបស់ផលិតកម្ម Red Picture ដែលនឹងគ្រោងបញ្ចាំងនៅចុងឆ្នាំខាងមុខ។ នៅលើហ្វេសប៊ុករបស់អ្នកនាង តារារូបនេះបញ្ជាក់ថាខ្លួនបានចុះចតនៅក្នុងទីក្រុងតៃប៉ិកោះតៃវ៉ាន់ មុនបន្តដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃនេះ៕
មតិយោបល់