ខណៈដែលពិធីការិនី និងជាតារាសម្ដែងល្បីឈ្មោះអ្នកនាងព្រំ រដ្ឋា ត្រូវគេឃើញបាត់ឈឹងពីការងារសិល្បៈពេលនេះអ្នកនាងបានលេចមុខយ៉ាងក្រឡឺមក្នុងនាមជាផលិតករកុន ដោយប្រកាសចាយទុនរហូតដល់សែនដុល្លារចុះថតរឿងភាគបុរាណជាលើកដំបូងប្រជែងទីផ្សារ។
អ្នកនាងថាខ្លួនរំពឹងច្រើនពីទំហំជោគជ័យ ដោយសារតែរឿងបុរាណនេះត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ធំគឺបាយ័នក្រោយពេលថតចប់ និងជារឿងដែលអ្នកនាងប្រមូលផ្ដុំដោយតារាល្បីៗ។ អ្នកនាងបានថ្លែងក្នុងពិធីក្រុងពាលីថតរឿងនៅព្រឹកថ្ងៃទី៥ វិច្ឆិកា ថាជាលើកទី១ដែលអ្នកនាងសម្រេចចិត្តចេញថតរឿងភាគបុរាណក្នុងការស្ទាបស្ទង់ទីផ្សារ ដោយសម្ភារៈរួមមានកាមេរ៉ា និងបច្ចេកទេសកុនស្ទើរទាំងស្រុងជារបស់ផ្ទាល់ខ្លួន មិនជួលពីក្រុមហ៊ុនផ្សេងដូចមុន។
ខ្សែរឿងដែលអ្នកនាងប្រកាសថតអោយទូរទស្សន៍បាយ័នជាលើកដំបូងនេះ មានចំណងជើងថា«បំណុលស្នេហ៍» ជាប្រភេទរឿងភាគបុរាណ ដោយគោលបំណងសំខាន់នៅក្នុងរឿងនេះ គឺអ្នកនាងចង់លើកតំកើងពីសំលៀកបំពាក់សូត្រខ្មែរ និងទម្រង់សិល្បៈបែបបុរាណរបស់សង្គមខ្មែរជាច្រើនទៀតដែលបានកប់បាត់។ អ្នកនាងថាការថតរឿងភាគបុរាណ ក្រៅពីត្រូវចំណាយពេលសិក្សាច្រើន ក៏បាន ចំណាយខ្ពស់ខុសពីរឿងភាគសម័យមិនក្រោម៥ដងនោះដែរ ប៉ុន្តែមកពីអ្នកនាងចង់ពង្រឹងវិស័យផលិតកុនភាគ និងមិនធ្វើរឿងសម័យដដែលៗទើបសម្រេចបោះទុនផលិតរឿង«បំណុលស្នេហ៍»ឲ្យទូរទស្សន៍បាយ័នសម្រាប់ម៉ោងមាស ស្របពេលដែលស្ថាប័ននេះក៏មានតម្រូវការភាពយន្តប្រកួតប្រជែង។ អ្នកនាងមិនច្បាស់ពីខ្ទង់ចំណាយក្នុងការចុះថតរឿងនេះទេ ដោយអ្នកនាងគ្រាន់តែប៉ាន់ស្មានថានឹងត្រូវចំណាយច្រើន ជាពិសេសគឺកាត់សំលៀកបំពាក់ពីសូត្រខ្មែរ ដែលជាបន្ទុករបស់អ្នកនាង។ ព្រំ រដ្ឋា បញ្ជាក់ថាផលិតកម្មភាពយន្តរបស់អ្នកនាងគឺមានឈ្មោះថា«PR » ហើយក្រោយពីត្រូវបញ្ចបរឿង«បំណុលស្នេហ៍» អោយទូរទស្សន៍បាយ័ន អ្នកនាងនឹងបន្តថតរឿងបុរាណផ្សេងទៀត ដោយសារតែអ្នកនាងក៏មានផ្នត់គំនិតបែបបុរាណច្រើនជាងរឿងសម័យ។
នៅក្នុងពិធីក្រុងពាលីរឿង«បំណុលស្នេហ៍» អ្នកនាងបានបង្ហាញវត្តមានតួអង្គសំខាន់ៗរួមមានលោកហេង ប៊ុនលាភ, កញ្ញាទេព សម្ផស្ស (តួនាងរក្សា), លោកហេង នរកក្កដា, លោកហង្ស សម្បើមស័ក្ដ, លោក អ៊ុន សុធា, លោកលាង ឧត្តម, អ្នកនាងនិន សុធារ៉ា, លោកហេង ដារី, អ្នកនាងតូច ស្រីពេជ្រ និងតួអង្គផ្សេងទៀតដែលសុទ្ធតែមានឈ្មោះបោះសំឡេង។ អ៊ីចឹងហើយ ទើបអ្នកនាងរំពឹងច្រើនថារឿងបុរាណលើកដំបូងរបស់ខ្លួនកន្ទ្រាក់បានទីផ្សារជោគជ័យក្នុងពេលទូរទស្សន៍បាយ័ននឹងធ្វើការចាក់ផ្សាយជាបណ្ដើរនាពេលខាងមុខ៕
ខាងក្រោមនេះជាទិដ្ឋភាពរួមក្នុងពិធីក្រុងពាលីរឿងបុរាណរបស់អ្នកនាងព្រំ រដ្ឋា កាលពីថ្ងៃទី៥ វិច្ឆិកា៖

















មតិយោបល់