កាលពីថ្ងៃទី៥ វិច្ឆិកា អតីតតារាចម្រៀងរ៉ុក លោកញឹម ចំរើន បានចូលរោងការហើយ ដោយមង្គលការរបស់លោក ត្រូវគេឃើញមានការចូលរួមពីវត្តមាន តារាល្បីៗចាស់ក្មេងច្រើនគួរសម។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺភរិយារបស់លោកជាអតីតស្រីស្អាត របស់ក្រុមហ៊ុនKTH និងជាក្មួយបង្កើតរបស់អ្នកនាងស៊ុន ណារីម៉ូនីកា។
អ្នកនាង ស៊ុន ណារីម៉ូនីកា ជាម្ដាយមីងកូនក្រមុំបានអះអាងថា ទំនាក់ទំនងស្នេហ៍រវាងក្មួយស្រី របស់អ្នកនាង និងលោកញឹម ចំរើន ម្ចាស់បទ«មិនធ្វើសង្គ្រាមទេអូន» មានរយៈប្រមាណជា៣ឆ្នាំមកហើយ មុនពេលអ្នកទាំងពីរចូលរោងជាផ្លូវការជាមួយគ្នា។ អ្នកនាងថាលោកញឹម ចំរើន នៅតែច្រៀងដូចដើមដដែល បើទោះជាផលិតកម្មរ៉ុកបិទទ្វារឈប់ដំណើរការផលិតចម្រៀង។ អ្នកនាងថាលោកចំរើនច្រៀង ក្នុងក្លិបកម្សាន្តមួយ ដោយក្មួយស្រីរបស់លោកក៏ជាម្ចាស់ មុខជំនួញមួយជារបស់ខ្លួន។ អ្នកនាងថាលោក ញឹម ចំរើន និងក្មួយស្រីភ្ជាប់ពាក្យគ្នាមួយឆ្នាំមកហើយ ដោយអ្នកទាំងពីរក៏បានបើកហាងផឹកស៊ីមួយចូលគ្នាមុនពេលរៀបការ។ អ្នកនាងថាកូនក្រមុំឈ្មោះ អ៊ុន វណ្ណកណិកា ហើយបើនិយាយពីទំនាក់ទំនងគឺមិនខុសពីកូន និងម្ដាយនោះទេ ដោយកូនក្រមុំហៅអ្នកនាងថាម្ដាយៗតាំងពីតូច។ ដោយឡែក លោកញឹម ចំរើន ក៏ប្រកាសជំហរបន្តអាជីពចម្រៀង នៅក្នុងផលិតកម្មផងដែរ បើមានការទាក់ទងឲ្យ លោកចូលច្រៀងក្នុងផលិតកម្មជាថ្មី។
ក្នុងពិធីមង្គលការរបស់លោកមានវត្តមានតារាល្បីៗ មួយចំនួនដូចជាអ្នកនាង ស៊ុន ណារីម៉ូនីកា, លោកពូឃ្លោក, នាយត្រដក់, លោកហ្វៃ សំអាង, អ្នកនាងប្រាសាទ ដាវីន, លោកខាន់ជេមស៍, លោកទិត្យ វិច្ឆិកា, លោកដូដូ, លោកវង្ស តារារតនា, និងតារាល្បីៗមួយចំនួនទៀត ។
មតិយោបល់