ស្ទឹងត្រែងៈ រថយន្តសាំងយ៉ុងដឹកឈើប្រណីតមួយគ្រឿង ព្រមទាំងតៃកុងម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការស្ទាក់ចាប់ និងឃាត់ខ្លួនបានកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចទីតាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ហួសផ្លូវបំបែកច្រមុះជ្រូកចំការមៃសាក់បន្តិច ជិតផ្ទះតាអាយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ការឃាត់រថយន្តខាងលើនេះ ប្រភពមួយបានបង្ហើបប្រាប់ថា ឈើទាំងអស់នេះ គឺជាឈើរបស់ឈ្មួញម្នាក់ឈ្មោះ កាន់ ហៅកាំង ជនជាតិវៀតណាម ហើយឈើទាំងនេះ ត្រូវបានឈ្មោះ កាំង ទិញពីឈ្មួញ ក្នុងទីរួមខេត្តរួចជួលរថយន្តសាំយ៉ុងដឹកចេញពីខេត្តស្ទឹងត្រែងទៅទម្លាក់នៅក្នុងចំការម្រេច ស្រុកមេមុត ខេត្តត្បូងឃ្មុំ ដើម្បីដឹកបន្តទៅប្រទេសវៀតណាម។
ប្រភពដដែលបានបង្ហើបទៀតថា ការចាប់រថយន្តដឹកឈើនេះ គឺអាចមកពីកូនចៅស៊ីដាច់មេខ្លាំងពេក ទើបមានរឿងបែបនេះ ព្រោះថា កន្លងមកឈ្មួញខាងលើ បានជួលរថយន្តសាំយ៉ុងដឹកឈើរបស់ខ្លួនជាច្រើនដងមកហើយ ប៉ុន្តែមិនដែលមានរឿងអ្វីទេ ស្រាប់តែលើកនេះ ក៏ត្រូវបានសមត្ថកិច្ចចាប់តែម្តង។
រថយន្តដែលសមត្ថកិច្ចចាប់បាននោះ គឺជាប្រភេទរថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាក់លេខស្ទឹងត្រែង 2A-0180 ដែលដឹកឈើប្រណិតពេញក្នុងរថយន្ត។ ដោយឡែកតៃកុងរថយន្តសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ។
ក្រោយការឃាត់រថយន្តខាងលើរួចមក សមត្ថកិច្ចក៏បានទំនាក់ទំនងទៅខាងជំនាញរដ្ឋបាលព្រៃឈើខេត្តឲ្យមកទទួលវត្ថុតាង ដើម្បីយកទៅរក្សារទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។ ចំណែកតៃកុងរថយន្ត សមត្ថកិច្ចកំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់