ឆ្លងកាត់ការប្រកួតប្រជែងភាពយន្តខ្នាតខ្លីប្រចាំឆ្នាំ២០១៦ តាំងពីថ្ងៃទី៤ វិច្ឆិកា មហោស្រពភាពយន្តចតុមុខត្រូវបានបញ្ចប់ហើយកាលពីយប់ថ្ងៃទី៦ វិច្ឆិកា នៅបរិវេណអាគារ CJCC នៅវិទ្យាស្ថានភាសាបរទេសរបស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ។
មានខ្សែភាពយន្តចំនួនតែ៨ប៉ុណ្ណោះ ក្នុងចំណោមភាពយន្តសរុបជាង៣០ដែលត្រូវបានប្រកាសថាជាប់ជ័យលាភី។
ខ្សែរឿងដែលបានទទួលចំណាត់ថ្នាក់ទាំង៨រួមមានរឿង«ក្បូន», រឿង«លាហើយភ្នំពេញ», រឿង«នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ», រឿង«ពេលវេលាចុងក្រោយ», រឿង«ចំណាក», រឿង«ភ្នែកមិនភ្លឺក្រោមពន្លឺថ្ងៃ», រឿង«ពេលអ្នកសប្បាយចិត្ត», និង រឿង«បងប្រុសដែលបាត់ទៅ»។ យ៉ាងណាមិញ មានតែរឿងមួយចំនួនប៉ុណ្ណោះទទួលបានពានជាភាពយន្តឆ្នើម ខណៈដែលរឿងមួយចំនួនទៀតបានត្រឹមទទួលបានរង្វាន់កិត្តិយស។ ខ្សែរឿងដែលទទួលបានជ័យលាភីនៅក្នុងមហោស្រពនោះត្រូវបានបែងចែកជា២គឺរឿងដែលនិយាយពីការចំណាកស្រុក ឬប្រឆាំងនឹងការជួញដូរមនុស្ស និងរឿងដែលមានលក្ខណៈជាប្រធានបទសេរី។
លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិកាក្រសួងព័ត៌មាន បានអះអាងថារឿងដែលបានទទួលចំណាត់ថ្នាក់លេខ១ផ្នែកប្រធានបទចំណាកស្រុកគឺរឿង«ពេលវេលាចុងក្រោយ»ដែលមានរយៈពេល៨នាទីរបស់លោកវន បូរិន និងរឿង«ក្បូន»មានរយៈពេល៨នាទីដូចគ្នារបស់លោកសុខា ម៉េងលី ទទួលចំណាត់ថ្នាក់លេខ២។ ដោយឡែកសម្រាប់រឿងដែលជាប់ជ័យលាភីលើប្រធានបទសេរីគឺបានទៅលើរឿង«លាហើយភ្នំពេញ»របស់នាង កាវិច ដែលមានរយៈពេល១៧នាទី និងរឿង«ក្បូន»ដែលទទួលបានលេខ២ស្ទួន។
លោកថាមហោស្រពនេះជាលើកទី៥ និងមានបំណងតែមួយគត់គឺពង្រឹងផលិតករវ័យក្មេងឲ្យមានលទ្ធភាពផលិតរឿងដែលមានគុណភាព ហើយមានខ្លឹមសារសម្រាប់អ្នកទស្សនា នាពេលអនាគត។
លោកហ៊ូ រ៉េមី ប្រធានមហោស្រពភាពយន្តខ្នាតខ្លីចតុមុខឆ្នាំ២០១៦នេះ ក៏បានប្រកាសខ្សែរឿងដែលបានទទួលចំណាត់ថ្នាក់ បានរំលេចពីការអប់រំ និងការសម្ដែងកាន់តែល្អពីសំណាក់តួសម្ដែងជាសាមញ្ញជននៅក្នុងស្នាដៃទាំងនោះ។ លោកថាមហោស្រពឆ្នាំនេះ ផលិតករវ័យក្មេងខ្លាំងៗជាច្រើនត្រូវប្រមូលផ្ដុំគ្នាបញ្ចេញស្នាដៃ៕
មតិយោបល់