ភ្នំពេញៈ ស្ថានីយ៍បូមទឹកពិតជាមានតួនាទីសំខាន់ណាស់ក្នុងការបូមបញ្ចេញទឹកចេញក្រៅក្រុង។ ដោយមើលឃើញពីសារៈសំខាន់នេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការស្ថាបនាស្ថានីយ៍ជាច្រើនកន្លែងនិងបានបំពាក់ដោយម៉ូទ័របូមទឹកទំនើបៗផងដែរ។ជាក់ស្តែងសម្រាប់រយៈពេល១សប្តាហ៍ គិតត្រឹមថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៦ ស្ថានីយ៍បូមទឹកសំខាន់ៗ៤កន្លែងអាចបូមទឹកចេញពីរាជធានីភ្នំពេញ បានជាង១៧០លានម៉ែត្រគូប។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញ ភ្លៀងបានចាប់ផ្តើមបង្អុលឡើងតាំងពីម៉ោង២យប់ថ្ងៃទី៧ វិច្ឆិកា រហូតដល់ម៉ោង ៣រសៀល គឺមានរយៈពេល១៣ម៉ោង ប៉ុន្តែមិនបានធ្វើឲ្យរាជធានីភ្នំពេញមានការលិចលង់នោះទេ ដែលនេះពិតជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសារៈសំខាន់នៃស្ថានីយ៍បូមទឹកទាំង១៣កន្លែង ក្នុងការបូមបព្ចេញទឹកចេញក្រៅក្រុង។
លោក សាំ ពិសិដ្ឋក៏បានបញ្ជាក់ឲ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថានីយ៍បូមទឹកធំចំនួន៤ មានបរិមាណបូមទឹកចេញ បានជាង១៧០លានម៉ែត្រគូប ក្នុងនោះរួមមាន ទី១-ស្ថានីយ៍កប់ស្រូវ បូមចេញបាន ៥១,៥៤៩,១២០ម៉ែត្រគូប។ ទី២-ស្ថានីយ៍ទួលសំពៅ បូមចេញបាន ២១,៥២៨,០០០ម៉ែត្រគូប។ ទី៣-ស្ថានីយ៍បឹងត្របែក បូមចេញបាន ៤០,៩៩៦,៨០០ម៉ែត្រគូប និងទី៤-ស្ថានីយ៍បឹងទំពុន បូមចេញបាន ៦២,០០២,៨០០ ម៉ែត្រគូប៕
មតិយោបល់