កាលពីព្រឹកថ្ងៃទី១១ វិច្ឆិកាមុននេះ ផលិតករថៃនៅប៉ុស្ដិ៍លេខ៥ បានប្រកាសពីការចេញថតរឿង «ច័ន្ទវង្វេងមេឃ»របស់ខ្លួន ជាផ្លូវការ ដែលខ្សែរឿងនេះ គឺជារឿងទិញសិទ្ធិទាំងស្រុងពីរឿង «នាងផ្កាយព្រឹក»ដ៏ល្បីល្បាញរបស់ថៃ។ យ៉ាងណាក៏ដោយក្រុមអ្នកផលិតបានអះអាងថា ខ្សែរឿងថ្មីនេះក៏បានផាត់ពណ៌ និងថែមថយ ឲ្យមានលក្ខណៈជាខ្មែរ មិនដូចរឿង«នាងផ្កាយព្រឹក»ទាំងស្រុងរបស់ថៃនោះដែរ។
ក្នុងបទសម្ភាសន៍ជាមួយផលិតករថៃ លោកបានបញ្ជាក់ថាក្រោយការទិញសិទ្ធិផ្ដាច់មុខ យកមកផលិតជាថ្មី ខាងក្រុមហ៊ុនដើមរបស់ថៃ ដែលជាអ្នកផលិតរឿង «នាងផ្កាយព្រឹក»មិនត្រឹមតែផ្ដល់សេណារីយោ របស់រឿងឲ្យមកថតតាមការព្រមព្រៀងនោះទេ គឺបានទាំងទម្លាក់អ្នកជំនាញឲ្យមកជួយប្រឹក្សាដើម្បីឲ្យរឿង «ច័ន្ទវង្វេងមេឃ»ដែលមានលំនាំតាមរឿង«នាងផ្កាយព្រឹក» មានគុណភាពល្អ និងមានស្ដង់ដា ក្នុងពេលផលិតនោះផង។ ផលិតករប៉ុស្ដិ៍លេខ៥បានអះអាងថា ស្ថាប័នខ្លួនមិនមែនមិនមានលទ្ធភាពនិពន្ធរឿងថ្មី ដែលមិនចម្លងពីបរទេសសម្រាប់ផលិតនោះទេ ប៉ុន្តែមកពីចង់តម្រូវទីផ្សារ និងចង់ប្រៀបធៀបពីការសម្ដែងរបស់តារាខ្មែរ និងតារាបរទេសក្នុងរឿង ដែលមានទម្រង់តែមួយ ទើបសម្រេចចិត្តបោះទុនទិញសិទ្ធិ ក្នុងតម្លៃខ្ពស់ទិញរឿងភាគល្បីៗរបស់ថៃដូចជារឿង «នាងផ្កាយព្រឹក»នាពេលនេះ យកមកផលិតថ្មីដើម្បីឲ្យតារាខ្មែរសម្ដែងប្រកួតប្រជែង។
លោកថាខ្សែរឿងមួយនេះ នឹងធ្វើឲ្យមានគុណភាពប្រហាក់ប្រហែលនឹង រឿងដើម ដោយមិនឲ្យខ្សែរឿង «ច័ន្ទវង្វេងមេឃ»រងការរិះគន់ថាផលិតហើយមិនល្អមើលនោះទេ ។ ខ្សែរឿងមួយនេះ នឹងដំណើរការផលិតពី៦ទៅ៨ខែ ក្នុងទឹកប្រាក់ខ្ពស់ ដោយគ្រប់តារាសម្ដែងដែលបានជម្រើសមក ក៏ត្រូវបានបណ្ដុះបណ្ដាល និងធ្វើតេស្ដ៍យ៉ាងម៉ត់ចត់ពីក្រុមផលិតករថៃ និងខ្មែរ មុនពេលចេញថត ។ ផលិតករថៃបានអះអាងថាតួអង្គសំខាន់ៗ នៅក្នុងរឿង«ច័ន្ទវង្វេងមេឃ» រួមមានកញ្ញា ព្រះកាយច័ន្ទ ដែលត្រូវសម្ដែងជាតួនាងផ្កាយព្រឹក, លោកភឹម តារាវិបុល, លោកទេព រិទ្ធីនី, លោកលាង ឧត្តម កញ្ញាញឹម ចាន់ថន, លោកឡាទីន, លោកអៀង ចេនឡា, និងតារាប្រុសស្រីជាច្រើនរូបទៀត។
ខាងក្រោមនេះជាបទសម្ភាសន៍ ដោយផ្ទាល់រវាងផលិតករថៃ នៅប៉ុស្ដិ៍លេខ៥ ជុំវិញការផលិតរឿង «ច័ន្ទវង្វេងមេឃ» ដែលបានទិញសិទ្ធិពីរឿង «នាងផ្កាយព្រឹក» កាលពីថ្ងៃទី៨ វិច្ឆិកា ក្នុងពិធីក្រុងពាលី អមដោយសកម្មភាពមួយចំនួន៖
https://www.youtube.com/watch?v=7uJ_2NdFfQM&feature=youtu.be
មតិយោបល់