នៅវេលាព្រឹកថ្ងៃទី១២ វិច្ឆិកានេះ មានការអះអាងថាមានផ្ទុះចម្រូងចម្រាស់ពីសំណាក់អ្នកភូមិឡើងផ្អើលវត្តមួយតែម្ដងនៅខេត្តព្រៃវែង ដោយសារតែអ្នកភូមិមិនព្រមឲ្យសពយាយបង្កើតរបស់តារាចម្រៀងសន វិជ្ជបុត្រ បញ្ចុះតាមការគ្រោងទុក។
មកទល់ម៉ោងនេះ គ្រួសារសពបាន សម្រេចចិត្តបង្វែរទីបញ្ចុះសពនៅទីតាំងផ្សេង ដើម្បីបញ្ចប់ជម្លោះដ៏ស្រួចស្រាលនោះ។
តារាចម្រៀងក្នុងផលិតកម្ម M លោក សន វិជ្ជបុត្រ បានថ្លែងប្រាប់ពាក់ព័ន្ធនឹងករណីនេះថា យាយបង្កើតខាងម្ដាយរបស់លោក មុនពេលចែកឋានគឺបានផ្ដាំឲ្យកូនចៅកុំបូជាសពរបស់ខ្លួន និងសុំបញ្ចុះនៅវត្តជិតផ្ទះ ទើបក្រោយពេលលោកយាយទទួលមរណភាពកាលពីថ្ងៃទី១១ វិច្ឆិកា ក្នុងព្រះជន្ម៨៦ឆ្នាំ កូនចៅក៏សុំទីតាំងក្នុងវត្តថ្មី ស្ថិតក្នុងភូមិជ្រួលថ្មី ឃុំវិរៈជ័យ ស្រុកបាភ្នំ ក្នុងខេត្តព្រៃវែងដែលនៅជិតផ្ទះ ដើម្បីធ្វើជាទីបញ្ចុះសព។
យ៉ាងណាក៏ដោយនៅពេលគ្រួសារសពទទួលបានការអនុញ្ញាតិពីគណកម្មការវត្ត និងពីគណៈស្រុកឲ្យប្រគល់ដីមួយកន្លែងនៅក្នុងវត្តឲ្យបញ្ចុះសព ក៏ផ្ទះការតវ៉ាពីសំណាក់អ្នកភូមិតែម្ដងតាំងពីព្រឹកព្រលឹមថ្ងៃទី១២ វិច្ឆិកា។ លោកថាអ្នកភូមិបានប្រកាន់ជំហរមិនឲ្យបញ្ចុះសព្វនៅត្រង់កន្លែងដែលបានសុំនោះទេ ដោយអះអាងថាទីធ្លារវត្តនោះចង្អៀតនិងមិនអាចឲ្យគ្រួសារសពណាមួយ សុំដីធ្វើជាកន្លែងបញ្ចុះបានឡើយ។ លោកថានោះជារឿងមិនគួរកើត ដោយសារតែនៅក្នុងទីវត្តមានគេសុំដីធ្វើចេតិ៍ជាច្រើនរួចមកហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកសៅ ហឿន មេភូមិជ្រួលថ្មី បានប្រាប់ផុសញូមុននេះថា ហេតុផលដែលប្រជាជនតវ៉ា គឺដោយសារតែគ្រួសារសពប្រកាន់ជំហរបញ្ចុះសពធ្វើជាម៉ុង ហើយទីធ្លារវត្តមិនធ្លាប់មានម៉ុងដែលអាចធ្វើឲ្យខូចសោភ័ណ្ឌភាពវត្ត។ លោកនិយាយថា«បើគាត់សុំធ្វើចេតីយ៍អត់អីទេ តែគាត់ចង់បញ្ចុះធ្វើម៉ុងចឹងយើងឲ្យគាត់រកកន្លែងផ្សេងព្រោះយើងអត់ចង់ឃើញម៉ុងរបៀបចិនវៀតណាមនៅកន្លែងហ្នឹងទេ!»។ លោកថា បើទីធ្លារវត្តនោះមានគ្រួសារមួយអាចសុំធ្វើម៉ុងបាន នោះអ្នកស្លាប់បន្តបន្ទាប់ ក៏សុំធ្វើម៉ុងបានដែរ។ អញ្ចឹងហើយទើបអ្នកភូមិតវ៉ា ហើយសម្រេចថាទីធ្លារក្នុងវត្តនោះគឺមិនឲ្យគ្រួសារណាទាំងអស់ធ្វើម៉ុង ដើម្បីកុំឲ្យចង្អៀតវត្ត។ លោកថាមុននេះបន្តិចស្ថានភាពតវ៉ាត្រូវបានបញ្ចប់ហើយបន្ទាប់ពី គ្រួសារសពបានសម្រេចចិត្តស្វែងរកទីធ្លារវត្តផ្សេងដើម្បីបញ្ចុះសពលោកយាយឡុង សាត យាយបង្កើតខាងម្ដាយរបស់តារាចម្រៀងសន វិជ្ជបុត្រជំនួសវិញ។
លោកសន វិជ្ជបុត្រ បញ្ជាក់ថាគ្រួសារសម្រេចចិត្តប្ដូរទីតាំង ដើម្បីបញ្ចប់រឿង និងកុំឲ្យវិញ្ញាណសពវិលវល់ ដោយគម្រោងលោកនឹងបញ្ចុះសពលោកយាយខ្លួននៅថ្ងៃច័ន្ទខាងមុខ៕
មតិយោបល់