ខណៈដែលទីផ្សារសំលៀកបំពាក់ច្នៃពីក្រមា ត្រូវគេឃើញមានការចាប់អារម្មណ៍កាន់តែច្រើន ពីសំណាក់ប្រជាពលរដ្ឋ អ្នកឌីហ្សាញឈុតពីក្រមារបៀបនេះក៏មានច្រើនដែរដែលអាចនិយាយបានថាការប្រកួតប្រជែងទីផ្សារឈុតច្នៃពីក្រមា មានការច្រើនឡើង ជាមួយនឹងអាជីវកម្មរបស់ កញ្ញា មាន សូនីតា។ យ៉ាងណាមិញ តារាស្រីរូបនេះ បានអះអាងថាសប្បាយចិត្តនៅពេលអាជីវកម្មមួយនេះ មានការប្រជែងច្រើន ដើម្បីបើកច្រកឲ្យផលិតផលក្រមាខ្មែរមានហាងឆេងឡើងវិញ។
មាន សូនីតា បានថ្លែងបញ្ជាក់ក្នុងវេទិកា តាំងផលិតផលក្រមាលក់ក្នុងឱកាសបុណ្យអុំទូកថា មកទល់ពេលនេះ នាងមិនត្រឹមតែច្នៃសំលៀកបំពាក់ ជាឈុតបែបនារីប៉ុណ្ណោះទេ ប៉ុន្តែក៏ច្នៃជាអាវបុរសពីក្រមាដោយមានក្រឡាស្អាតៗផងដែរ។ នាងថាខ្លួន និងអ្នកជំនាញបានច្នៃជាខោខ្លី ជាមួក ជាកាបូប និងជាវត្ថុអនុស្សាវរីយ៍ច្រើនបែប ដោយអាជីវកម្មរបស់ខ្លួន ទទួលបានការគាំទ្រយ៉ាងខ្លាំង។ នាងថាសំលៀកបំពាក់ច្នៃពីក្រមា របស់នាងមានតម្លៃពី២៥០០០រៀល រហូតដល់៤០ម៉ឺនរៀល ដោយក្នុងតម្លៃទាប ឬខ្ពស់ គឺអាស្រ័យលើម៉ូដ និងបរិមាណក្រមាដែលត្រូវប្រើយកមកច្នៃ។ នាងថាអាជីពរបស់ខ្លួន បានជួយឲ្យក្រមារបស់អ្នកតម្បាញខ្មែរមានទីផ្សារឡើងវិញ។ អ៊ីចឹងហើយទើបនាងសប្បាយចិត្តនៅពេលឃើញបណ្ដាហាងមួយចំនួន ចាប់ផ្ដើមយកក្រមាមកច្នៃជាសំលៀកបំពាក់ដូចគ្នានឹងហាងរបស់នាង។ នាងថាមុខរបររបស់ខ្លួន មិនមែនដើម្បីចំណេញតែមួយមុខនោះទេ ប៉ុន្តែគោលបំណងធំគឺចង់បំផុសឲ្យក្រមាខ្មែរមានហាងឆេង ដើម្បីឲ្យសហគមន៍ត្បាញក្រមា ដែលមានការចំណាកស្រុកត្រលប់មកចាប់អារម្មណ៍ត្បាញក្រមាឡើងវិញ។ នាងថាក្នុងពេលស្វែងរកដៃគូដើម្បីឲ្យត្បាញក្រមាមនាពេលដំបូងមានផលវិបាកយ៉ាងខ្លាំង ដោយសារតែសហគមន៍ត្បាញក្រមា មួយចំនួនមានការបោះបង់ព្រោះគ្មានទីផ្សារ។ នាងចាត់ទុកថាទីផ្សារស្ទុះឡើងនូវសំលៀកបំពាក់កែច្នៃពីក្រមារបស់ខ្លួន និងការរីករាលដាលនូវការកែច្នៃក្រមាធ្វើសំលៀកបំពាក់ពីបណ្ដាហាងកាន់តែច្រើន គឺជាការបើកផ្លូវធំមួយឲ្យវិស័យតម្បាញក្រមារបស់ខ្មែរមានទីផ្សារឡើងវិញ ទើបនាងប្រកាសឲ្យមានការប្រជែងអាជីវកម្មច្រើនបន្ថែមទៀត ដើម្បីបំផុសឲ្យការនិយមសំលៀកបំពាក់ក្រមាមានការកើនឡើង ៕
https://www.youtube.com/watch?v=4Tg1DccFSEU&feature=youtu.be
មតិយោបល់