ក្មេងប្រុសឈ្មោះ Fan Xiaoqin អាយុ ៨ឆ្នាំ ដែលមានមុខមាត់ស្រដៀងទៅនឹងមហាសេដ្ឋី Jack MA ត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម Weibo ហើយសូម្បីតែលោក Jack MA ផ្ទាល់ក៏និយាយដែរថា «នៅពេលឃើញក្មេងប្រុសនេះ គាត់ស្មានតែគ្រួសារគាត់បង្ហោះរូបកាលពីកុមារភាពរបស់គាត់»។
បើទោះបីជាមានលក្ខណៈពិសេសមួយ ដែលអ្នកទាំងពីរមានមុខមាត់ស្រដៀង តែវាសនាអ្នកទាំងពីរគឺខុសគ្នាដាច់។
ក្មេងប្រុស Fan ប្រឈមមុខទៅនឹងជម្ងឺផ្លូវចិត្តយ៉ាងខ្លាំង ដោយសារលោកយាយរបស់គេ មានជម្ងឺវិកលចរិក ឪពុកជាជនពិការ ម្តាយមានជម្ងឺរោគខួរឆ្អឹងខ្នង ឯបងប្រុសមានជម្ងឺភ័យខ្លាច អៀនប្រៀន។
ឪពុករបស់ Fan បានសារភាពថា កូនប្រុសរបស់គាត់អាចមានជម្ងឺភ័យខ្លាចនិងអៀនប្រៀនដូចបងប្រុសដែរ ហើយមិនអាចចូលរៀននៅសាលាល្អបានទេ ព្រោះគ្មានលទ្ធភាព តែបើកូនគាត់អាចចូលរៀននៅសាលាល្អៗ Fan ប្រហែលអាចក្លាយជាក្មេងធម្មតា ដូចក្មេងដទៃទៀតដែរ។
ជាដំណឹងល្អ មហាសេដ្ឋី Jack MA បានប្រកាសនឹងជួយផ្គត់ផ្គង់ការសិក្សារបស់ក្មេងប្រុសនេះ រហូតដល់បញ្ចប់ថ្នាក់មហាវិទ្យាល័យ ហើយគ្រួសាររបស់ Fan ត្រេកអរយ៉ាងខ្លាំង នឹងសរសើរពីទឹកចិត្តដ៏ជ្រះថ្លារបស់មហាសេដ្ឋី Jack MA ផងដែរ។
រស់នៅជាមហាសេដ្ឋីទ្រព្យពាន់លានដុល្លារ អាចជាអ្វីដែលមនុស្សគ្រប់គ្នាប៉ងប្រាថ្នា តែ Jack MA ធ្លាប់បានលើកឡើងដែរថា មានលុយច្រើន ត្រូវគិតរហូត មិនមែនរស់នៅទាំងស្រណុកចិត្តនោះទេ មានតែការចែករំលែកដល់អ្នកដែលកំពុងត្រូវការ ទើបធ្វើឲ្យលោកស្ងប់ចិត្ត៕
មតិយោបល់