នៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដជាទ្រង់ទ្រាយធំ កាលពីល្ងាចថ្ងៃទី១៣ វិច្ឆិកា នៅបរិវេណផ្សារទំនើបអ៊ីអន គេឃើញម៉ូដប្លែកៗដែលកែច្នៃដោយអ្នកឌីហ្សាញម៉ូដល្បីៗ នៅក្នុងប្រទេសកម្ពុជា បានរំលេចស្នាដៃរបស់ខ្លួន គួរឲ្យភ្ញាក់ផ្អើល។ ឈុតដែលមានលក្ខណៈអស្ចារ្យទាំងនោះ ត្រូវបានគ្រងដោយតារាម៉ូដែលអាជីពល្បីៗ និងត្រូវបានកំណត់ថាជាឈុត ដែលមានតម្លៃខ្ពស់ និងជាឈុតដែលមានការទទួលស្គាល់ជាអន្តរជាតិ ។
តំណាងក្រុមហ៊ុន៣៦០ ដែលជាអ្នករៀបចំព្រឹត្តិការណ៍បានអះអាងថា ហេតុផលដែលនាំឲ្យមានព្រឹត្តិការណ៍ Fashion Fair គឺដោយសារតែលោកមានបំណងចង់បង្ហាញស្នាដៃល្អៗរបស់អ្នក ច្នៃប្រឌីតសំលៀកបំពាក់ល្បីៗនៅលើវេទិកាតែមួយ។ លោកថាព្រឹត្តិការណ៍នេះ មិនមែនជាលើកទី១នោះទេ ដែលក្រុមហ៊ុន៣៦០បានរៀបចំឡើង ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានដឹងថាអ្នកជំនាញខ្មែរ ក៏មានលទ្ធភាពកែច្នៃម៉ូដ Fashion ល្អ មិនចាញ់នឹងអ្នកជំនាញនៅក្រៅប្រទេស។ លោកថាការបង្ហាញស្នាដៃលើកនេះ មានសុទ្ធតែឈុតល្អដែលកែច្នៃដោយអ្នកជំនាញល្បី ដោយសំលៀកបំពាក់ដែលតារាម៉ូ ដែលបានដើរបង្ហាញគឺជាស្នាដៃថ្មី ដោយមិនមានចម្លងស្នាដៃពីអ្នកណាឡើយ។ អ្នកឌីហ្សាញទាំងនោះ លោកថារួមមានលោកឯម រៀម ជាអ្នកជំនាញផ្នែកឌីហ្សាញសំលៀកបំពាក់ និងអ្នកជំនាញផ្នែកឌីហ្សាញរបស់សាកលវិទ្យាល័យលីមកុងវីងជាដើម។ សំលៀកបំពាក់ទាំងនោះលោកថាគឺជាឈុតឥតខ្ចោះ ដោយខ្លះកែច្នៃពីក្រណាត់សូត្រ ពីសាច់ក្រណាត់សារ៉ូ ពីកាមីញៃ ពីអំបោះចាក់ និងពីក្រណាត់ប៉ាក់ៗល្អ ដោយមានឈុតខ្លះគឺយកតម្រាប់តាមក្រដាសបត់។ លោកថាក្រុមហ៊ុន៣៦០ នឹងបន្តរៀបចំព្រឹត្តិការណ៍ Fashion Fair ក្នុងពេលបន្តបន្ទាប់ ដើម្បីលើកស្ទួយស្នាដៃថ្មីៗ របស់អ្នកឌីហ្សាញឈុតសំលៀកបំពាក់ជំនាញៗ នៅក្នុងប្រទេសកម្ពុជា។ សំលៀកបំពាក់ទាំងនោះ ក៏នឹងត្រៀមបង្ហាញខ្លួន ក្នុងវេទិកាអន្តរជាតិសម្រាប់ការបង្អួតម៉ូដផងដែរ ៕
មតិយោបល់