ព័ត៌មានសិល្បៈ និងកម្សាន្ត

ចំណុចខ្លាំង និងខ្សោយក្នុងរឿង«កូនក្រមុំលោកមេឃុំ»ត្រូវបានទម្លាយ

បន្ទាប់ពីបានដំណើរដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បានចំនួនពាក់កណ្ដាលគឺ២៥ភាគ ផលិតកររឿង«កូនក្រមុំលោកមេឃុំ»របស់ប៉ុស្ដិ៍លេខ៥បានអះអាងថាខ្សែមួយនេះទទួលបានជោគជ័យមិនគួរឲ្យជឿ។ ចំណុចខ្លាំង និងខ្សោយរបស់រឿងនេះ ត្រូវបានទម្លាយពីសំណាក់ក្រុមផលិតករ និងតួសម្ដែងដោយផ្ទាល់ កាលពីយប់ថ្ងៃទី២១ វិច្ឆិកា ក្នុងពិធីជប់លៀងបិទបញ្ចប់រឿងនេះ។

យោងតាមការអះអាងរបស់លោកហួង តារាមុន្នី អ្នកគ្រប់គ្រងភាពយន្តខ្មែរនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៥បានអះអាងថា ខ្សែរឿង«កូនក្រមុំលោកមេឃុំ» ជារឿងដែលឆ្លុះបញ្ចាំងទាំងស្រុងពីជីវិតស្រុកស្រែ និងប្រពៃណីជនបទខុសប្លែកពីរឿងផ្សេងៗ ទើបបណ្ដាលឲ្យរឿងមួយនេះទទួលបានការគាំទ្រក្រោយពេលចាក់ផ្សាយ។

លោកថាភាគរយអ្នកនិយមទស្សនាមានការកើនឡើង ដោយលោកបានទាំងចាត់ទុកថានេះជារឿងផ្ទុះមួយ បន្ទាប់ពីក្រុមផលិតករថៃចុះមកផលិតរឿងភាគឲ្យប៉ុស្ដិ៍លេខ៥នោះផង។ លោកមានគម្រោងសិក្សាសាច់រឿង និងតម្រូវឲ្យថតភាពយន្តជាប្រភេទអ្នកស្រែចម្ការ និងឆ្លុះបញ្ចាំងពីជីវភាពកសិករបែបនេះបន្ថែមទៀត ដោយសារតែកត់សម្គាល់ថាខ្សែ រឿងបែបនេះប្លែកភ្នែក ហើយមានការចាប់អារម្មណ៍។

ខ្សែរឿងភាគច្រើនលោកអះអាងថាផ្ដោតខ្លាំងតែលើជីវភាពស៊ីវិល័យ និងស្ថានភាពរស់នៅរបស់អ្នកទីក្រុងប៉ុណ្ណោះ ទើបជំរុញឲ្យរឿង«កូនក្រមុំលោកមេឃុំ»បានក្លាយជារឿងបុកចំអារម្មណ៍អ្នកទស្សនារហូតមានការឈានឡើងRating (ស្ថិតិអ្នកចូលចិត្ត) និងស្ទើរមិនមាននាទីសម្រាប់ឃោសនាផលិតផល។ លោកថានេះគឺជាចំណុចខ្លាំងរបស់រឿង ប៉ុន្តែទន្ទឹមនឹងនោះក៏មានចំណុចខ្សោយដែលធ្វើឲ្យផលិតករ និងតួសម្ដែងឈឺក្បាលមិនតិចនោះដែរមុនថតបញ្ចប់រឿងនេះ។
តួអង្គ និងផលិតករ សុទ្ធតែបានរំលេចឲ្យដឹងផលវិបាកទម្រាំតែអាចផលិតរឿងមួយនេះបានចប់បរិបូរ។

តួអង្គម្នាក់ៗបានអះអាងថាដោយសារតែរឿងមួយនេះត្រូវថតជារបៀបស្រុកស្រែ ហើយប្រើរយៈពេលយូរ ដូច្នេះចំពោះការសម្របខ្លួនត្រូវធ្វើឲ្យការអត់ធ្មត់ក្នុងអំឡុងពេលថតរឿងទាំងស្រុងហើយ ក៏ត្រូវហាត់សម្ដែងជាចរឹកអ្នកស្រែ និងចេះឌឺដងដាក់គ្នាឲ្យដូចជាអ្នកជនបទពិតៗ ដែលមិនមែនជារឿងងាយស្រួលផងដែរ។

ជាក់ស្ដែងតួអង្គស្ទើរទាំងអស់ ត្រូវចេះពីរបៀបធ្វើស្រែ ធ្វើចម្ការ និងត្រូវថតហាលក្ដៅហាលសន្សើមខុសប្លែកពីរឿងភាគច្រើន ដែលឆ្លុះបញ្ចាំងពីជីវិតអ្នករស់នៅទីក្រុង។ យ៉ាងណាមិញ តួអង្គម្នាក់ៗយល់ថាការលះបង់សម្រាប់រឿងនេះមានការទទួលស្គាល់ ជាពីសេសនៅពេលខ្សែរឿងទាំងមូលមានអ្នកនិយាយច្រើនថាជារឿងទាក់ភ្នែក។

ក្នុងពិធីជួបជុំដ៏កម្រនោះ តួអង្គសំខាន់ៗក៏បានឡើងបកស្រាយចម្រៀងចំនួន១៤បទដែលបានថតថ្មីសម្រាប់ប្រើក្នុងរឿង«កូនក្រមុំលោកមេឃុំ»ផងដែរ អមដោយការរាំលេង៕
khmerstar-1

khmerstar-2khmerstar-3khmerstar-4khmerstar-5khmerstar-6khmerstar-7khmerstar-8khmerstar-9khmerstar-10khmerstar-11khmerstar-12khmerstar-13khmerstar-14khmerstar-15khmerstar-16khmerstar-17khmerstar-18khmerstar-19khmerstar-20khmerstar-21khmerstar-22khmerstar-23khmerstar-24khmerstar-25khmerstar-26khmerstar-27khmerstar-28khmerstar-29khmerstar-30khmerstar-31khmerstar-32khmerstar-33khmerstar-34khmerstar-35

មតិយោបល់