ភ្នំពេញៈ ស្ត្រីរើសអេតចាយម្នាក់រងរបួសធន់ ក្រោយពីរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបុកក្រុមម៉ូតូហើយភាគីខាងម៉ូតូ បានដកកាំភ្លើងបាញ់មកលើរថយន្ត តែរថយន្តបើកគេចផុត ក៏បណ្តាលឲ្យគ្រាប់កាំភ្លើងត្រូវចំស្ត្រីអេតចាយដែលក្រោកពីដេក ឈរក្បែរសាលាអនុវត្តន៍ តាមផ្លូវ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ស្ត្រីរងគ្រោះមានឈ្មោះ ព្រំ ភឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅរបងសាលាអនុវត្តន៍ បានរងរបួសខាងក្រោមស្មារផ្នែកខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
យោងតាមសាក្សីបានប្រាប់ឲ្យដឹងថា នៅវេលាមុនពេលកើតហេតុបន្តិច មានរថយន្តមួយគ្រឿងបានដេញបុកម៉ូតូចំនួនពីរគ្រឿង ដែលភាគីម៉ូតូមួយគ្រឿងជិះគ្នា២នាក់ និងមួយគ្រឿងទៀតជិះម្នាក់ឯង ដោយមានរថយន្តបានដេញមកបុកកៀរម៉ូតូមួយគ្រឿងត្រង់ផ្លូវ៥១ ស្រាប់តែភាគីខាងម៉ូតូបានដកកាំភ្លើងបាញ់ទៅលើរថយន្ត បណ្តាលឲ្យត្រូវស្ត្រីរើសអេតចាយ ដែលក្រោកពីដេក មកឈរផ្លាស់សំលៀកបំពាក់ រងរបួសចំខាងក្រោមស្មារផ្នែកខាងស្តាំរងរបួសធ្ងន់។ ក្រោយពីកើតហេតុភាគីបង្កជម្លោះបានបើករថយន្តនិងម៉ូតូចាកចេញទៅបាត់ ហើយស្ត្រីរើសអេតចាយត្រូវបានប្តីនាំទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីខាងលើនេះជាការឈ្លោះប្រកែកគ្នាមិនដឹងត្រង់ចំណុចណាទេ ហើយលោកកំពុងធ្វើការស៊ើបអង្កេតដើម្បីស្វែងរកជនបង្កមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
បច្ចុប្បន្នស្ត្រីរើសអេតចាយត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតដោយខាងសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតតាមរយៈកាមេរ៉ាសុវត្ថិភាពតាមបណ្តោយផ្លូវ៥១ ដើម្បីកំណត់មុខសញ្ញាគូជម្លោះខាងលើមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕
https://youtu.be/XYaOTIIKJ6o
មតិយោបល់