ព័ត៌មានជាតិ

ដំឡើងមេនដុតសព និងតម្កល់មឈូសក្នុងផ្ទះ ជិត២ខែ ធ្វើឲ្យអ្នកភូមិភ័យខ្លាច និងប្រតិកម្ម សូមឲ្យអាជ្ញាធរជួយដោះស្រាយ

កំពង់ស្ពឺ : អ្នកស៊ីឈ្នួលដុតសព ត្រូវបានប្រជាពលរដ្ឋមួយភូមិប្រតិកម្ម និងប្តឹងទៅអាជ្ញាធរសង្កាត់ជួយអប់រំ បន្ទាប់ពីបានដំឡើងមេនសម្រាប់ដុតសព និងតម្កល់ ក្តារមឈូស ចោលជិត ២ខែកន្លងមកហើយ ព្រមទាំងបើកភ្លើងបំភ្លឺយ៉ាងចិញ្ចាច រៀងរាល់យប់ ប្រៀបដូចជាបុណ្យសពអញ្ចឹង។

ប្រជាពលរដ្ឋចំនួន ៨២គ្រួសារ រស់នៅក្នុងភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា មានគ្រួសារមួយ មានឈ្មោះ សន សេន ហៅ កយ ភេទប្រុស អាយុ ៣៧ឆ្នាំ និងប្រពន្ធ ឈ្មោះ មាស ថុល អាយុជាង ៤០ ឆ្នាំ ដែលរកស៊ីមេនដុតខ្មោច បានតុបតែងដំឡើងចោលក្នុងផ្ទះ និងអុចធូបបន់ស្រន់ទាំងយប់ទាំងថ្ងៃ អស់រយៈពេលជិត ២ខែមកហើយ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិមានការតក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង។

ពួកគាត់ បន្តថា ទង្វើ អ្នកស៊ីឈ្នួលដុតសពមួយគ្រួសារនោះ ទោះបីជាប្រជាពលរដ្ឋ សំណូមពរកុំឱ្យតំឡើងមេនចោលបែបនេះ វាអាចនាំចង្រៃចូលភូមិ បើដំឡើងទុកចោលអញ្ចឹងសូមយកដំឡើងក្នុងវត្ត ចុះពួកគាត់មិនថាអីទេ ប៉ុន្តែក្រុមគ្រួសារ នោះ មិនស្តាប់ឡើយ ព្រោះអះអាងថា ជាសិទ្ធរបស់គេមិនប៉ះពាល់ដល់អ្នកភូមិគ្រប់គ្នាឡើង ហើយបើចង់ប្តឹងទៅណាក៏មិនខ្លាចដែរ។

លោក ហ៊ឹម ហន មេភូមិខ្ទុំក្រាំង បាននិយាយថា គ្រួសាររបស់ឈ្មោះ សន សេន និងប្រពន្ធនោះ ពិតជា បាននាំគ្នាដំឡើងមេន ទុកចោលក្នុងផ្ទះតុបតែងភ្លើងដូចបុណ្យសពជាងមួយខែមក ហើយ ព្រមទាំងមានការជួបជុំផឹកស៊ីដុតធូបសែនព្រេនទៀតផង ដែរ។ លោក បន្តថា ប្រជាពលរដ្ឋក្នុងភូមិបានប្រតិកម្មលើបញ្ហានេះ ហើយបានរាយការណ៍ទៅលោកចៅសង្កាត់ ដើម្បីឱ្យជួយណែនាំ ឬរុះចេញព្រោះវាអាក្រក់មើលខ្លាំងណាស់ ទង្វើបែបនេះ ដូចបន់ស្រន់ឱ្យអ្នកភូមិស្លាប់អញ្ចឹង ប៉ុន្តែលោកចៅសង្កាត់ឱ្យប្រពលរដ្ឋធ្វើពាក្យផ្ដិតស្នាមមេដៃមកទើបហៅដោះស្រាយ។

អ្នកភូមិបញ្ជាក់ថា ឈ្មោះ សន សេននេះពីមុនធ្លាប់ រកស៊ីដើរមេនដុតសពរបស់វត្តសំបួរ ប៉ុន្តែក្រោយមកបានបែកបាក់សាមគ្គីផ្ទៃក្នុង ចាប់ផ្តើមធ្វើមេន រកស៊ីផ្ទាល់ខ្លួន ព្រមទាំងដំឡើង ទុកចោលទាំងយប់ទាំងថ្ងៃបែបនេះ។ ពួកគាត់ បន្តថា ការសំណូមពរមានចំនួន ៣ចំណុច ទី១-សូមកុំដំឡើងមេន ទុកចោលរាប់ខែក្នុងភូមិបែបនេះ ជាហេតុមិនល្អសម្រាប់អ្នកភូមិដូចបន់ឱ្យមានមនុស្សស្លាប់អញ្ចឹង ទី២-បើចង់ដំឡើង តុបតែងភ្លើងដូចកម្មពិធីបុណ្យអញ្ចឹង សូមទៅដំឡើងចោល ក្នុងវត្តគ្មានអ្នកហាមឃាត់ទេ និងទី៣-ពេលត្រឡប់ពីដុតខ្មោចសូមយកមេន ទៅក្នុងវត្តមិនត្រូវទុកក្នុងភូមិឡើយ។

ស្ត្រីម្ចាស់មេន បាននិយាយតាមទូរស័ព្ទថា តើប្រជាជនហ៊ានប្តឹងគាត់គ្រាន់តែរឿងដំឡើងមេន ទុកបែបនេះ ចង់រកមុខឱ្យឃើញវាទើសក្បាលនណា ហើយការដំឡើងទុកបែបនេះវាខុសច្បាប់ឬ។ ស្ត្រីរូបនោះ បន្តថា គាត់ពិតជាបានដំឡើងចោលអស់រយៈពេល ២ខែមែន ដើម្បីសាកសម្ភារៈដុតខ្មោចរបស់គាត់មានសោភណ្ឌភាពស្អាតឬអត់ និងការបើកភ្លើង បំភ្លឺ លម្អមេន ទើបតែ៣ទៅ៤យប់នេះទេ ហើយបើចង់ហាមឃាត់គាត់សូមហាមឃាត់ទូរទាំងប្រទេសតែម្តងទៅ។

លោកស្រី ប៉ោក សេដ្ឋា អភិបាល ក្រុងច្បារមន បានថ្លែងទាំងហួសចិត្តថា ហេតុអីបានអ្នករកស៊ីដុតខ្មោច ដំឡើងមេន ទុកចោលក្នុងផ្ទះរហូតដល់ជិតពីរខែអញ្ចឹង ទង្វើបែបនេះដូចបន់ឱ្យអ្នកស្លាប់អញ្ចឹង។ បន្ទាប់ទទួលបានព័ត៌មាននេះ លោកស្រី អភិបាលក្រុងបានបញ្ជាទៅចៅសង្កាត់ ដើម្បីហៅម្ចាស់មេន នោះយកទៅអប់រំណែនាំកុំឱ្យធ្វើអញ្ចឹង ទៀតមិនសមរម្យទេ៕

k kk kkk

មតិយោបល់