ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយនិងនគរបាលប៉ុស្តិ៍ច្រាំងចំរះទី១ ចុះធ្វើការស្រាវជ្រាវឈានទៅបង្ក្រាបជាក់ស្តែង ចាប់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុម២ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ លី សិបពីយ៉ាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខក្រុម២ ភូមិ៤ សង្កាត់ច្រាំងចំរេះ១។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន កាំបិតចុងស្រួចចំនួន១ រួមនិងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ ដោយយោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យកម្លាំងនគរបាលគ្រប់បណ្តាខណ្ឌ ចុះបង្ក្រាប បង្កា និងទប់ស្កាត់ នូវរាល់បទល្មើសគ្រឿងញៀនដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ ទើបក្រោយពីទទួលបានបទបញ្ជានេះរួចមក កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ច្រាំងចំរះ ទី១ ចុះល្បាតស្រាវជ្រាវ រហូតឈានទៅដល់ការចុះបង្ក្រាបបានជាក់ស្តែងតែម្តង ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដកហូតបានសម្ភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរះទី១ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់