ព័ត៌មានជាតិ

សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ផ្តល់យោបល់ចុងក្រោយលើសេចក្តីព្រាង «ក្រមធនធានធម្មជាតិ និងបរិស្ថាន»

ភ្នំពេញៈ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ បានជួបជុំគ្នានៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដើម្បីផ្តល់មតិយោបល់លើសេចក្តីព្រាង «ក្រមធនធានធម្មជាតិ និងបរិស្ថាននៃប្រទេសកម្ពុជា» មុននឹងដាក់ជូនរដ្ឋមន្រ្តីក្រសួងបរិស្ថានពិនិត្យ ក៏ដូចជាបញ្ជូនទៅគណៈរដ្ឋមន្រ្តី និងរដ្ឋសភាពិនិត្យ អនុម័ត នៅអំឡុងដើមឆ្នាំ២០១៧ខាងមុខនោះ។

នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក តឹក វណ្ណរ៉ា បានឲ្យដឹងថា ការចូលរួមផ្តល់យោបល់ថ្នាក់ជាតិរបស់សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធលើកនេះ ពិតជាសំខាន់ណាស់ វាជាធាតុចូលបន្ថែម សម្រាប់ដាក់ជូនរាជរដ្ឋាភិបាលពិសេសក្រសួងបរិស្ថាន និងមេធាវីវស្ណុ ដើម្បីដាក់បញ្ជូលទៅក្នុងសេចក្តីព្រាងចុងក្រោយនៃក្រមធនធានធម្មជាតិ និងបរិស្ថាន ដែលគ្រោងនឹងអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

លោក វណ្ណរ៉ា បញ្ជាក់ថា ប្រទេសកម្ពុជា មានបញ្ហាប្រឈមគន្លឹះក្នុងការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ពោលគឺគ្មានបទដ្ឋានគតិយុទ្ធច្បាស់លាស់ មានដែនត្រួតស៊ីគ្នារវាងក្រសួងមួយទៅក្រសួងមួយទៀត ពិសេសថ្នាក់មូលដ្ឋានគ្មានគម្រោងថវិកាក្នុងការទប់ស្កាត់ និងមិនមានសិទ្ធិសម្រេចអ្វីមួយពីផលប៉ះពាល់លើធនធានក្នុងមូលដ្ឋាន និងសហគមន៍។ សម្រាប់ក្រមដែលនឹងកើតឡើងនៅពេលខាងមុខ បានដាក់បញ្ចូលនូវទិដ្ឋភាពសំខាន់ៗក្នុងការការពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការការពារ និងគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ និងការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន ដែលបានមកពីការចូលរួមផ្តល់យោបល់ពីពលរដ្ឋ សង្គមស៊ីវិល និងសហគមន៍ដែលរងគ្រោះ និងងាយរងគ្រោះពីការអភិវឌ្ឍន៍ផ្សេងៗ។

ចំណែកទីប្រឹក្សាអមក្រសួងបរិស្ថាន និងជាប្រធានក្រុមបច្ចេកទេសតាក់តែងក្រមធនធានធម្មជាតិ និងបរិស្ថាននេះ លោក ឯ វុទ្ធី បានអះអាងថា ក្រមនេះពិតជាមានផលប្រយោជន៍សំខាន់បំផុត សម្រាប់ការការពារ អភិរក្ស ធនធានធម្មជាតិ ដែលនៅសេសសល់ ពិសេសដើម្បីបង្កើតក្របខណ្ឌច្បាប់តែមួយសម្រាប់ដោះស្រាយបញ្ហា ដែលទាក់ទងនឹងបរិស្ថាន ធនធានធម្មជាតិ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ហើយក៏ជាផ្នែកមួយនៃរបៀបវារៈកំណែទម្រង់ទូលំទូលាយ សម្រាប់អភិវឌ្ឍន៍ដោយចីរភាព និងអភិវឌ្ឍន៍បៃតង៕

សេចក្តីព្រាង «ក្រមធនធានធម្មជាតិ និងបរិស្ថាន»សេចក្តីព្រាង «ក្រមធនធានធម្មជាតិ និងបរិស្ថាន»សេចក្តីព្រាង «ក្រមធនធានធម្មជាតិ និងបរិស្ថាន»សេចក្តីព្រាង «ក្រមធនធានធម្មជាតិ និងបរិស្ថាន»

មតិយោបល់