ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៤នាក់(ប្រុស ២នាក់ និងស្រី ២នាក់) ដោយធ្វើការដកហូតថ្នាំញៀនបានជាង ៣គីឡូនៅក្នុងសណ្ឋាគារ កា & សា។
ប្រត្តិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅក្នុងសណ្ឋាគារ កា&សា ជាន់ទី ៨ ក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថបានប្រាប់ឱ្យដឹងថា ក្នុងប្រតិបត្តិគារបង្ក្រាបគ្រឿងញៀននេះដែរ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៤នាក់ ក្នុងមានបុរសជាជនជាតិខ្មែរម្នាក់ និង ជនជាតិវៀតណាមប្រុស ស្រីចំនួន ៣នាក់ (ប្រុស ១ ស្រី ២នាក់) ផងដដែរ។ដោយកម្លាំងរបស់លោកបានធ្វើការដកហូតថ្នាំញៀនចំនួន ៣កញ្ចប់ធំ ដែលមានទម្ងន់សរុបជាង ៣គីឡូ រួមទាំងវត្ថុតាងដែលពាក់ព័ន្ធមួយចំនួនធំទៀតផងដែរ ក្រោយពីឆ្លងកាត់តាមការស្រាវជ្រាវរបស់កម្លាំងជំនាញអស់រយៈពេលជាច្រើនថ្ងៃមកហើយ ទើបឈានទៅដល់ការចុះបង្ក្រាបនៅចំណុចទីទាំងខាងលើនេះ។
ក្រោយប្រតិបត្តិការក្រុមជនសង្ស័យដែលមានទាំងជនជាតិខ្មែរ និងជនជាតិវៀតណាម ប្រុស ស្រីទាំង ៤នាក់ រួមទាំងថ្នាំញៀនចំនួនជាង ៣គីឡូ ដែលដកហូតបានយកទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់