ព័ត៌មានជាតិ

ក្រសួងសុខាភិបាលព្រមានផាកពិន័យក្រុមហ៊ុនផលិតផលថ្នាំជក់ ដែលមិនអនុវត្តតាមច្បាប់ត្រឹមត្រូវ

ភ្នំពេញៈ អនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ទំហំ៥៥% បានចូលជាធរមានតាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតផលថ្នាំជក់មួយចំនួនពុំទាន់អនុវត្តបានពេញលេញនៅឡើយទេ។

លើសពីនេះ គ្រប់ក្រុមហ៊ុនផលិតផលថ្នាំជក់នៅមិនទាន់គោរពបានលើវិធានការចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ដូចដែលមានចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅឡើយទេ ដោយបន្តការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ក្រោមរូបភាពជាច្រើន ដូចជាតាមរថយន្ត និងក្រុមស្រ្តីចល័តជាដើម។

ដោយឡែកចំពោះការដាក់តាំងផលិតផលថ្នាំជក់តាមកន្លែងលក់វិញ ក្រុមហ៊ុនផលិតផលថ្នាំជក់ នៅតែបន្តដាក់តាំងទូរលក់ផលិតផលមិនត្រឹមត្រូវតាមប្រកាសរបស់ក្រសួងសុខាភិបាលទេ ដូចជាដាក់តាំងធុងបារីលើសពីមួយ ហើយធុងបារី និងផ្ទៃតាំងផលិតផលថ្នាំជក់មានចំនួនលើសការកំណត់ដោយមានទំហំធំ និងពណ៌ខុសពីការកំណត់របស់ក្រសួង ដោយសារធុងទាំងនោះមានរូបភាពផ្សាយពាណិជ្ជកម្មបារីជាពណ៌ ជានិមិត្តសញ្ញាក្រុមហ៊ុនជាដើម។

នៅពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានព្រមានផាកពិន័យ ចំពោះក្រុមហ៊ុនផលិតផលថ្នាំជក់ ដែលមិនអនុវត្តតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់យ៉ាងតឹងរ៉ឹងបំផុត តាមច្បាប់ជាធរមាន៕

ក្រសួងផាកពិន័យ

មតិយោបល់