ព័ត៌មានជាតិ

ចោរស្ទើរភ្លើង! លួចម៉ូតូបណ្ដើរបាន១០ម៉ែត្រ ម្ចាស់ក្របួចជាប់​

កណ្ដាល: ជនសង្ស័យមា្នក់ ត្រូវបានម្ចាស់ និងប្រជាពលរដ្ឋដេញតាមចាប់ រួចវាយម្នាក់មួយដៃ ម្នាក់មួយជើងទ្រមខ្លួន ក្រោយពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងវេលាម៉ោង៥និង៤៥នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចលើចិញ្ចើមផ្លូវមុខតូបលក់ដូរផ្សារបែកចាន ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ធី រ័ត្នមន្នី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ទឹម សំអុល ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ននៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូដឹកអ៊ីវ៉ាន់យកទៅដាក់លក់។ ពេលទៅដល់ទុកម៉ូតូលើចិញ្ចើមផ្លូវមុខតូបលក់ដូររបស់ខ្លួន (ពន្លត់ម៉ាស៊ីនតែពុំដកកូនសោចេញទេ) ហើយលើកអ៊ីវ៉ាន់ដាក់តូប។ ពេលនោះជនសង្ស័យបានមកលួចម៉ូតូបណ្តើរចេញបានប្រហែល១០ម៉ែត្រ ជនរងគ្រោះបានងាកឃើញទាន់ ក៏ស្រែកឱ្យគេជួយ និងរត់ដេញចាប់បានភ្លាមៗ ហើយត្រូវប្រជាពលរដ្ឋព្រួតវាយមួយដៃមួយជើងម្នាក់រងរបួសស្រាល។

ភ្លាមៗនោះ សមត្ថកិច្ចប្រចាំការនៅប៉ុស្តិ៍២៤ម៉ោងមុខផ្សារ បានចេញជួយអន្តរាគមន៍ឃាត់ជនសង្ស័យទាន់ពេលវេលាតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-11-28_10-01-12

photo_2016-11-28_10-01-10

photo_2016-11-28_10-01-11

មតិយោបល់