ភ្នំពេញៈ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន បាននិយាយថា លោក ហម ម៉េងសែ ជាអនុប្រធានតុលាការក្រុងភ្នំពេញ ដែលគេស្គាល់ថា ជាមន្ត្រីធ្លាប់ទទួលវិន័យរហូត អត់ប្រាក់ខែ បានសម្រេចចិត្តដោះលែង ថៅកែប៊ីចេងក្លែងក្លាយ ជិត ២០តោន នៅខណ្ឌឬស្សីកែវ ឲ្យទៅផ្ទះវិញហើយដោយសារតែ វាជាកំហុសតូចតាច។
ការដោះលែង លោកស្រីថៅកែប៊ីចេងក្លែងក្លាយ ឈ្មោះ សុខ វួចលីន ភេទស្រី អាយុ ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣១អា ផ្លូវ៣៣៨ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ត្រូវបានលោកចៅក្រមស៊ើបសួរ ហម ម៉េងសែ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ដោយមានការយល់ព្រមថា មិនប្តឹងឧទ្ធរណ៍របស់លោក ខាំ សុផារី ដែលជាតំណាងអយ្យការ។
មន្ត្រីនគរបាលសេដ្ឋកិច្ច ដែលជាអ្នកហែរហមអមដំណើរលោកស្រី ថៅកែប៊ីចេង ឈ្មោះ សុខ វួចលីន យកមកឲ្យតុលាការដោះលែង បានបង្ហើបថា លោក ស្រី ម៉ាកនី ជាតំណាងអយ្យការបាន បើកការស៊ើបសួរ និងចោទប្រកាន់ លោកស្រីថៅកែ ពាក់ព័ន្ធ បទល្មើស ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់។
ដំណឹងដែលនៅក្តៅឧណ្ណៗនៅឡើយ គឺ លោកស្រី ម៉ាក នី ព្រះរាជអាជ្ញារង អមសាលាដំបូង បានដោះលែងថៅកែ លក់គ្រឿងសំអាង ក្លែងក្លាយ រាប់តោន ឈ្មោះ អ៊ុច សម្បត្តិ ព្រោះតែរកមិនឃើញកំហុស ក្រោយពីចាប់ថៅកែរូបនេះបានតែមួយចំអិនកំពិស យកមកសារសងគ្នា ក្រោមការដុតដៃដុតជើងជួយសប្របសម្រួលកម្មវិធីសាសងគ្នានោះ ពីសំណាក់ មន្ត្រីនគរបាលសេដ្ឋកិច្ចធំៗ ដែលខំចុះទៅចាប់ លោកថៅកែ ជាមួយលោក ស្រី ម៉ាកនី។
សូមជម្រាបជូនថា កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួល របស់លោក ខាំ សុផារី កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨
បានចុះបង្ក្រាបទីតាំង វេចខ្ចប់ ប៊ីចេងក្លែងក្លាយ មួយកន្លែង នៅផ្ទះលេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញប៊ីចេងក្លែងក្លាយ និងភស្តុតាងរួមមាន៖ ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន ១២៥បាវ ប៊ីចេងរាយម៉ាក Win Win ចំនួន ១៤០បាវ ប៊ីចេងច្រករួច (500g)ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាកGold Cupចំនួន ៤៧កេស ប៊ីចេងរូបវែក(250g) ម៉ាស៊ីនដេរម៉ាត់បាវ២គ្រឿង ម៉ាស៊ីនអ៊ុតម៉ាត់ថង់ ០១គ្រឿង ម៉ាស៊ីនរុំខ្សែ និងកាត់ខ្សែចំនួន ២គ្រឿង ជញ្ជីងថ្លឹង ២គ្រឿង បាវរូបវែក ៩៣បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទំងន់ទាំងអស់ប្រមាណ ១៧តោន៕
មតិយោបល់