ព័ត៌មានជាតិ

ដំរីដែលជាន់ហ្មស្លាប់​ បាន​រួចពីចំណងដើរចូលព្រៃបាត់ហើយ

មណ្ឌលគិរីៈ ដំរីឈ្មោលមួយក្បាលមានឈ្មោះ អាម៉ៃ ដែលជាន់សម្លាប់ហ្មរបស់វាកាលពីអំឡុងខែកញ្ញា ២០១៦ កន្លងទៅនេះ នឹងត្រូវបានអ្នកជំនាញសត្វព្រៃជាច្រើនស្ថាប័នមកសហការគ្នាទើបចាប់បាននោះ បច្ចុនប្បន្នបានរួចពីច្រវ៉ាក់ ដើរចូលព្រៃបាត់ទៅហើយ សូម្បីតែម្ចាស់របស់វាក៏មិនហ៊ានចាប់វាមកវិញដែរ។ ទោះបីជាវាបានប្រែមកជាសត្វដំរីសាំងធម្មតាក៏ដោយ ព្រោះតែម្ចាស់របស់វានៅតែមានអារម្មណ៍ខ្លាចរអារ ដោយសារតែវាធ្លាប់សម្លាប់មនុស្ស។

នាយកអង្គការ ELIE ជាអង្គការគាំពារសត្វដំរីនៅខេត្តមណ្ឌលគិរីលោក ឃុន ឌីយ៉ូន បានឲ្យដឹងថា ដំរីឈ្មោលមួយក្បាលនេះ គឺត្រូវបានម្ចាស់របស់វាព្រមព្រៀងលក់ទៅឱ្យទៅសហគមន៍សត្វដំរីខេត្តរតនគិរីទៅហើយ ក្នុងបំណងយកវាទៅបម្រើវិស័យទេសចរណ៍ ប៉ុន្តែកាលពីថ្ងៃទី២៦ វិច្ឆិកា ២០១៦ កន្លងទៅនេះ គឺភាគីអ្នកទិញអាម៉ៃ បានទៅមើលវានៅទីតាំង ដែលគេចងវាទុកនោះ ស្ថិតនៅចំណុចក្នុងព្រៃ ក្បែរអូរទេរ ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខណៈនោះម្ចាស់របស់វាក៏បានសារច្រវ៉ាក់ដែលចងជាប់និងជើងវា លើកដាក់លើញែងរបស់របស់វា(លើកដាក់លើខ្នង) និងឡើងជិះលើ ខ្នងវាដូចសព្វមួយដង ព្រោះតែដឹងថា វាបានសាំងទៅហើយ ស្រាប់តែក្រោយពេលដែលម្ចាស់ចុះពីលើខ្នងរបស់វា អាម៉ៃក៏បានដើរចេញពីទីតាំងនោះតែម្ដង ដោយម្ចាស់របស់វាឃើញអាការៈរបស់វាចម្លែកដូច្នេះ ទើបមិនហ៊ានចូលចាប់វា។

លោកបានបញ្ជាក់ថា ទោះជាយ៉ាងណាដំរីឈ្មោះអាម៉ៃនេះ គឺកំពុងតែមានហ្មថ្មីរបស់វាតាមដានវាជាប់ជានិច្ច និងរកឱកាសល្អដើម្បីចាប់វាមកវិញ ហើយអាម៉ៃក៏មិនមានអាការៈកាចសាហាវដូចមុនដែរ ដូច្នេះវានឹងមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ដោយបច្ចុប្បន្នសត្វដំរីនេះកំពុងស្ថិតក្នុងព្រៃដើរស៊ីរុក្ខជាតិ នៅក្នុងភូមិសាស្ត្រ ស្រុកពេជ្រាដា។

សូមបញ្ជាក់ថា អាម៉ៃមានអាយុ២៨ឆ្នាំ ជាសត្វដំរីបម្រើលើវិស័យទេសចរណ៍នៅសហគមន៍ជនជាតិដើមភាគតិច នៅភូមិពូលុង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយវាបានវ័ធ និងជាន់សម្លាប់ហ្មររបស់វាឲ្យធ្លាយពោះវៀនស្លាប់ភ្លាមៗ មិនមានអ្នកណាហ៊ានចូលជួយឡើយ នៅចំណុចក្បែរអូរទេរ ក្នុងភូមិពូក្រូច ស្ថិតនៅឃុំស្រែអំពូម ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី តាមបណ្ដោយផ្លូវឆ្ពោះទៅរមណីដ្ឋានទឹកជ្រោះប៊ូស្រា កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១ ៦ ខណៈបុរសដែលជាហ្មដំរីរូបនោះ ព្យាយាមតាមទាក់ដំរីរបស់ខ្លួន ដែលកំពុងចុះប្រេងដេញវ័ធគេឯងតាមទីសាធារណៈ។ ក្រោយមកសត្វដំរីនេះ ត្រូវបានអ្នកជំនាញចាប់វាបានកាលពីថ្ងៃទី២១ កញ្ញា ២០១៦ នៅចំណុចដែលវាជាន់សម្លាប់ហ្មរបស់វានោះ ដោយអ្នកជំនាញបានប្រើវិធីយកសត្វដំរីញី៥ក្បាល មកធ្វើជាធ្នាក់ហៅសត្វដំរីចុះប្រេងនោះ បន្ទាប់មកគេបានបាញ់ថ្នាំសណ្ដំ២ម្ជុលទៅលើវា ទើបអាចចាប់វាបាន៕

photo_2016-11-28_17-13-14

មតិយោបល់