កណ្តាលៈ បុរសវ័យចំណាស់ម្នាក់ រស់នៅក្នុងជីវភាពក្រលំបាក និងមានជំងឺលើសឈាមវង្វេងវង្វាន់ប្រចាំកាយ បានយកដែកកេះដាក់ជាប់ខ្លួនទៅសម្រាន្តក្នុងមុង រួចដុតនេះ ដុតនោះរហូតបណ្តាលឲ្យឆេះមុងឆាបឆេះខ្លួនឯងពេញខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
សាកសពជនរងគ្រោះឈ្មោះ ចាន់ ឡូត ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរបេះផ្កាស្នោ លក់ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។
តាមការឲ្យដឹងពីកូនស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា ឪពុករបស់ខ្លួនមានជំងឺលើសឈាម និងវង្វេង លុះនៅមុនពេលកើតហេតុ ឪពុកគាត់បានសម្រាន្តក្នុងមុង និងចេះតែយកដែកកេះ ទៅដុតនេះ ដុតនោះ បណ្តាលឲ្យឆេះមុងដែលគាត់កំពុងសម្រាន្តនិងឆេះរោលដៃជើងខ្លួនប្រាណរបស់គាត់ ធ្វើឲ្យគាត់ភ័យភាន់ភាំងស្មារតី មិនបានស្រែកឬរត់ទៅណានោះទេ គ្រាន់តែក្រោកអង្គុយក្នុងមុង ទំរាំកូនៗបានឃើញស្ទុះមកពន្លត់ភ្លើង ពេលនោះគាត់និយាយមិនកើតទេ ដោយសារឈាមឡើងខ្លាំងដាច់សរសៃរឈាម បន្ទាប់មកក៏សន្លប់រហូតដល់ស្លាប់តែម្តង នៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃដដែល។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ខ្ពប និងលោកមេភូមិ បានចុះទៅដល់កន្លែងកើតហេតុ បានពិនិត្យឃើញថាគាត់ស្លាប់ដោយសារភ្លើងឆេះប្រាកដមែន ហើយក៏បានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់