អាមេរិកៈ មកទល់ពេលនេះ មន្រ្តីប៉ូលិស បានកំណត់អត្តសញ្ញាណជន ដែលបានបើករថយន្តចូលទៅក្នុងហ្វូងមនុស្សថ្មើរជើងមួយ នៅបរិវេណសកលវិទ្យាល័យរដ្ឋអូហៃយ៉ូ (OSU) បន្ទាប់ពីបានវាយប្រហារអ្នកនៅទីនោះ ដោយកាំបិតពិឃាតមួយ គឺគាត់ជាសិស្សឈ្មោះ AAbdul Razak Ali Artan ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្នុងសន្និសីទកាសែតមួយ នៅឯ OSU លោក Craig Stone ប្រធានប៉ូលិស បានប្រាប់ឲ្យដឹងថា «យើងបានចេញផ្សាយឈ្មោះ ជនសង្ស័យ ដែលត្រូវបានប៉ូលិសបាញ់សម្លាប់ ហើយគាត់ជាសិស្សសាកលវិទ្យាល័យរដ្ឋអូហៃយ៉ូ» ។
លោកបានបន្ថែមថា « នៅខណៈនេះ យើងមិនទាន់មានព័ត៌មានអ្វីលម្អិតបន្ថែមទេ ដោយលោកស្រី Monica Moll នាយកសុវត្ថិភាពសាធារណៈ នៅសាកលវិទ្យាល័យគ្រាន់តែបាននិយាយថា រឿងនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ត»។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា អ្នកវាយប្រហារនោះ ជាជនជាតិសូម៉ាលី ប៉ុន្តែក្រុមមន្ត្រីមិនបានបញ្ជាក់នោះទេ ហើយពួកគេក៏មិនទាន់បានដឹងពីអាយុពិតប្រាកដរបស់ជនសង្ស័យដែរ តែពួកគេជឿថា គាត់អាចកើតក្នុងឆ្នាំ ១៩៩៨ ៕
មតិយោបល់