ប៉ោយប៉ែតៈ មហាជនចូលរួមទស្សនាការប្រណាំងទូក ដែលរៀបចំដោយអាជ្ញាធរក្រុងប៉ោយប៉ែត រយៈពេល២ថ្ងៃ ទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លើកដំបូងនៅតំបន់ទេសចរណ៍ អាងអូរខៃដន ពោរពេញដោយភាពសប្បាយរីករាយ មានប្រជាពលរដ្ឋប្រមាណ២ម៉ឺននាក់ ចូលរួមទស្សនាប្រកបដោយភាពអធិកអធម មិនធ្លាប់មានលើទឹកដីជាយដែនកម្ពុជា-ថៃ។
ពិធីប្រណាំងនេះ ត្រូវបានបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមអធិបតីភាពបិទកម្មវិធីពីសំណាក់លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អស់លោកជាប្រធាន អនុប្រធាន ស្ថាប័ន មន្ទីរនានា សប្បុរសជន និងប្រជាពលរដ្ឋ របស់ខេត្តបន្ទាយមានជ័យរាប់ពាន់នាក់។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បាឲ្យដឹងថា ការប្រារព្ធពិធីប្រកបដោយអត្ថន័យនាពេលនេះ ស្តែងឡើងពីស្មារតី ជួយឧបត្ថម្ភគាំទ្ររបស់បណ្ដាអង្គភាពរដ្ឋ វិស័យឯកជន សប្បុរសជន និងចូលរួមពីកីឡាករប្រណាំងទូក ដែលបានសម្ដែងចេញពី មនសិការស្នេហាកីឡាប្រណាំងទូក ដែលជាប្រពៃណី និងវប្បធម៌ចែករំលែក របស់បុព្វបុរសយើងតាំងពីបុរាណ និងជាការរំលឹកឡើងវិញ នូវគំរូវីរភាព ដ៏អង់អាចក្លាហានរបស់វរៈ កងទ័ពជើងទឹកនៃកុលបុត្រខ្មែរក្នុងការការពារអធិបតេយ្យភាពបូរណភាពទឹកដី នាសម័យមហានគរដ៏រុងរឿង។
ជោគជ័យនៃពិធីប្រណាំងទូកនេះ គឺជាសក្ខីភាពឆ្លើយតបទៅនឹងការរីកចម្រើនលើគម្រប់វិស័យរបស់ក្រុងប៉ោយប៉ែត ស្របទៅតាមគោលនយោបាយ ចតុកោណតំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិត ជាពិសេសវាមិនត្រឹមតែ តែជាក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម ប៉ុណ្ណោះទេ បច្ចុប្បន្នក្រុងនេះ ជាក្រុងទេសចរណ៍មួយដ៏ទាក់ទាញតាមរយៈតំបន់ទេសចរណ៍ អាងអូរខៃដន ដែលបានចុះក្នុងបញ្ជីតំបន់ទេសចរណ៍របស់ក្រសួងទេសចរណ៍។
តំបន់ទេសចរណ៍អាងអូរខៃដន ដែលទើបតែបង្កើត បានរយៈពេលតែប៉ុន្មានខែ កំពុងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត ជារៀងរាល់ថ្ងៃ ជាពិសេសក្នុងឱកាសបុណ្យជាតិកន្លងមកនេះ មានពលរដ្ឋមកកម្សាន្តរាប់ម៉ឺននាក់៕
មតិយោបល់