ភ្នំពេញៈ គូស្នេហ៍មួយគូដឹកដៃគ្នាទៅប៉ុស្តិ៍ចោមចៅ បន្ទាប់ពីខាងប្រុសខកស្នេហ៍មិនបានដូចបំណង ខណៈមានគូដណ្តឹង រំពឹងគិតថាមិនយូរមិនឆាប់ពិតក្លាយជាប្តីប្រពន្ធស្របច្បាប់នៅថ្ងៃខាងមុខរង់ចាំតែរើសថ្ងៃរើសវេលាចូលរោងការ តែផ្ទុយទៅវិញអ្វីដែលខកបំណង ស្នេហ៍ពុំបានដូចប្រាថ្នាដោយសារ ថ្មីៗនេះបែកធ្លាយមើលឃើញជាក់ភ្នែក ស្រីជាគូដណ្តឹងសង្ស័យជាមនុស្សញៀនថ្នាំ បានអាអង្កន់ដៃសម្រក់ឈាមប្រៀបដូចអង្កន់ត្រីប្រឡាក់ គួរឲ្យភ័យខ្លាច ខាងប្រុសក៏សុំខាងស្រីដកពាក្យ ដកស្នេហ៍ តែត្រូវបានខាងស្រីទាមទារថ្លៃគ្រែដែលរួមរស់ជាមួយគ្នាមួយរយៈចំនួន៦០០ដុល្លារ ដើម្បីបញ្ចប់រឿង ។
ហេតុការណ៍ចម្រូងចម្រាស់បែកបាក់ស្នេហ៍ខាងលើនិងបបួលនាំគ្នាចូលប៉ុស្តិ៍នគរបាលចោមចៅ កើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ភាគីខាងស្រីមានឈ្មោះ សន សំនៀង អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រកកំណើត ភូមិកំពង់ទួល ឃុំសំអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកភាគីខាងប្រុសមិនត្រូវបានឲ្យស្គាល់ឈ្មោះឡើយ គ្រាន់តែឲ្យដឹងថា មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពត៌មានបានឲ្យដឹងថា គូស្នេហ៍ទាំង២នាក់ បានស្រឡាញ់គ្នាដោយចិត្តនឹងចិត្ត ជាច្រើនថ្ងៃ ខែកន្លងមកហើយ សច្ចាស្រឡាញ់យកគ្នាជាប្តីប្រពន្ធ ហើយទើបតែជាគូដណ្តឹងនឹងគ្នា ដោយទំនុកចិត្តរៀងខ្លួន ទើបស្ម័គ្រចិត្តរួមរស់នៅជាមួយគ្នាជាបណ្តោះអាសន្នទាំងមិនទាន់រៀបផ្ទឹមសុខក្សេមក្សាន្ត ចាត់ទុកថាសុភមង្គលកើតមានសម្រាប់ពួកគេទាំងពីរនាក់ហើយ។ តែការរំពឹងគិត បានប្រែក្លាយផ្ទុយស្រឡះរលាយទៅវិញ ប្រៀបបានទៅនឹងអំបិលត្រូវទឹក ទឹកឃ្មុំផ្អែមឆ្ងាញ់ ត្របាញ់ត្រគួញចិត្តកើតមានពីមុន ឥឡូវប្រែជាទឹកខ្មេះ បន្ទាប់ពីមើលឃើញ ស្រ្តីជាគូដណ្តឹចេះតែអារដៃសម្រក់ឈាម ញ័រញាក់ ដូចមនុស្សញៀនថ្នាំ ហាមមិនស្តាប់ ប្រាប់មិនតាម ដដែលនៅជាដដែល បែកធ្លាយសង្ស័យគូដណ្តឹង សង្ស័យជាមនុស្សញៀនថ្នាំហើយ ទើបសាច់ញាតិខាងប្រុស ទាមទារឲ្យភាគីខាងប្រុស ចាកចេញមករស់នៅ ផ្ទះក្នុងភូមិថ្មគោល សង្កាត់ចោមចៅវិញ។ រឿងសៅហ្មងវិបត្តិដួងចិត្តត្បិតគូដណ្តឹងញៀនថ្នាំចូលចិត្តអារអង្កន់ដៃ ពេកទើបខាងប្រុស ដាច់ចិត្តសុំដកពាក្យពីគូដណ្តឹង តែនៅរាប់អានគ្នាជាធម្មតា ខាងស្រីឆ្លើយថា ឲ្យតែ៦០០ដុល្លារថ្លៃគ្រែដេក ដើម្បីបញ្ចប់រឿង ដោយសន្តិវិធី នៅប៉ុស្តិ៍នគរបាល នាព្រឹកថ្ងៃដដែល៕
មតិយោបល់