ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ចធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន៦កញ្ចប់ជាប់នឹងខ្លួន។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៤និងសូន្យនាទី ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបន្ទប់ទឹកទុកចោល ក្នុងចម្ការចេក ដីឡូត៍គ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះទី១មានឈ្មោះ ហុង រចនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ជនសង្ស័យទី២ឈ្មោះ ហេង ប្រសើ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ក្នុងនោះដែរវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន សរុប៦កញ្ចប់ ក្នុងនោះមាន១កញ្ចប់ថង់ធំល្មមនិង៥កញ្ចប់ថង់តូច,ឧបករណ៍សម្រាប់ជក់គ្រឿងញៀន៣កំប្លេ,ក្រដាសអាលុយមីញ៉ូម ពណ៌ស សម្រាប់ជក់គ្រឿងញៀន១ដុំ,ដែកកេះ៤,កូនកាំបិត១, ដែកកិប១, កូនកន្ត្រៃ១, ស្គុតពណ៌ខ្មៅ១ដុំ, ផ្លែឡាម១ប្រអប់, ចំពាមកៅស៊ូ១ និងកូនថង់ប្លាស្ទិចទុកច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕



មតិយោបល់