ព័ត៌មានជាតិ

លួចទូរសព្ទគេចខ្លួនបាន៤ថ្ងៃ សមត្ថកិច្ចក្របួចជាប់

កណ្ដាល: ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឡើងផ្ទះជនរងគ្រោះ ហើយលួចទូរសព្ទមួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ (ជនរងគ្រោះ) កំពុងងូតទឹកនៅក្រោមផ្ទះ ស្រាប់តែជនសង្ស័យបានឡើងទៅលើផ្ទះ ហើយលួចយកទូរសព្ទមួយគ្រឿង ម៉ាក(SAMSUNG) ពេលនោះគាត់បានដើរ ឡើងទៅលើផ្ទះក៏បានឃើញជនសង្ស័យ ហើយក៏មានការប្រតាយប្រតប់គ្នា  ជនសង្ស័យបានយកន្ត្រៃកាត់ក្រចកមកគំរាម រកចាក់គាត់ ភ្លាមៗនោះជនសង្ស័យបានឆក់យកទូរសព្ទរត់ចុះមកដីគេចខ្លួនបាត់រហូត។

ជនរងគ្រោះបានបន្តទៀតថា លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យធំ ចេញល្បាតពួនស្ទាក់នៅចំណុចស្ពានប៉ានណោ ក៏ឃើញជនសង្ស័យជិះម៉ូតូឌុប ចេញពីភូមិ ក៏ត្រូវកម្លាំងបានឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរសព្ទជនរងគ្រោះមែន។

ជនសង្ស័យឈ្មោះ ខា ហៀង ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិឃុំ កើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុច សាខេង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិ/ឃុំកើតហេតុ។

ក្រោយពីសាកសួរ ជនសង្ស័យត្រូវកម្លាំងប៉ុស្តិ៍បានបញ្ជូនមកអធិការដ្នាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-11-30_09-50-08

photo_2016-11-30_09-50-09

photo_2016-11-30_09-50-10

photo_2016-11-30_09-50-11

photo_2016-11-30_09-50-12

មតិយោបល់