ព័ត៌មានជាតិ

ពលរដ្ឋមួយភូមិក្នុងសង្កាត់ជើងឯក គ្មានទឹកនិងភ្លើងរដ្ឋប្រើប្រាស់

ភ្នំពេញ: ពលរដ្ឋចំនួន៣៣គ្រួសារ បានលើកគ្នាមកសុំឲ្យចៅសង្កាត់ជើងឯកជួយសម្រួលដល់ពួកគាត់ក្នុងការប្រើប្រាស់ទឹកភ្លើងដូចជាពលរដ្ឋនៅក្នុងខណ្ខដង្កោទាំងមូលផង។

ដោយមានការខ្វះខាតក្នុងជីវភាព ពលរដ្ឋចំនួន៣៣គ្រួសារដែលរស់នៅភូមិកណ្តាល សង្កាត់ជើងឯង រាជធានីភ្នំពេញ ដែលប្រកបមុខរបរស៊ីឈ្នួលបេះត្រកួនដែលក្នុងមួយថ្ងៃ បានត្រឹមតែកាហូបចុកដើម្បីចិញ្ចឹមគ្រួសារអ្វីដែលពួកគាត់ចង់បាន និងទទូចពីលោក ស៊ិន ស៊ីវ ដែលជាចៅសង្កាត់ជើងឯកខណ្ខដង្កោរាជធានីភ្នំពេញ គឺពួកគាត់សុំតែ៣ចំណុចមាន ផ្លូវ ប្រព័ន្ធលូ និងទឹកភ្លើងរដ្ឋ ព្រោះសព្វថ្ងៃនេះ ពួកគាត់បានប្រើប្រាស់ទឹកជារបស់ឯកជនដោយក្នុងតម្លៃមួយពាង៣៥០០រៀល និងតម្លៃភ្លើងវិញ១គីឡូ១ ៧០០រៀល ដូច្នេះហើយទើបពួកគាត់ទាំងអស់គ្នាខកចិត្តជាមួយនឹងអាជ្ញាធរមូលដ្ឋានដែលបានសន្យាជាមួយពួកគាត់ជាច្រើនលើកច្រើនសារថា នឹងជួយដោះស្រាយឲ្យពួកគាត់ តែលទ្ធផលការសន្យានេះហាក់បីដូចជាកាប់បំពង់រងចាំទឹកភ្លៀងអញ្ចឹង ដោយសារតែបែបនេះហើយ ប្រជាពលរដ្ឋទាំង៣៣គ្រួសារស្មើនឹងចំនួនអ្នកមានឈ្មោះបោះឆ្នោតចំនួនជាង១០០នាក់សម្រេចចិត្តមិនទៅចុះឈ្មោះបោះឆ្នោតឡើយ ដោយសារតែពួកគាត់អស់សង្ឃឹមលើលោកចៅសង្កាត់ជើងឯកតែម្តង។

បើតាមការទំនាក់ទំនងទៅលោក លោក ស៊ិន ស៊ីវ ចៅសង្កាត់ជើងឯងតាមរយ:ទូរសព្ទ លោកបានឆ្លើយទាំងកំហឹងថា កុំចេះដឹងរឿងច្រើនពេកគេចេះធ្វើហើយ បន្ទាប់មកលោកបានបិទទូរសព្ទថាជាប់ប្រជុំ៕

មតិយោបល់