សៀមរាបៈ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សាលាកន្សែង ខណ្ឌស្វាយដង្គុំ ក្រុងសៀមរាប នៅរសៀលថ្ងៃទី៩ ខែឧសភានេះ បានរាយការណ៍ប្រាប់ Post News ឲ្យដឹងថា ចរន្តអគ្គិសនីនៅក្រុងសៀមរាប ក្នុងភូមិសាស្ត្រពួកគាត់រស់នៅ តែងតែដាច់ជាញឹកញាប់ បង្កជាផលរំខាន និងផលលំបាកយ៉ាងខ្លាំងដល់ការរស់នៅ និងប្រកបរបររកស៊ីរបស់ពួកគាត់។
ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា នៅពេលភ្លើងដាច់ម្ដងៗ បានធ្វើឲ្យខូចនូវឧបករណ៍ប្រើប្រាស់ ដូចជាទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗជាដើម។ លើសពីនេះ ករណីដាច់ចរន្តអគ្គិសនីញឹកញាប់ស្ទើរមិនលោះថ្ងៃនេះ បានបង្កផលរំខានយ៉ាងខ្លាំងដល់ការរស់នៅ និងប្រកបរបរអាជីវកម្ម ហើយគីឡូភ្លើងចេះតែឡើងរហូតទាំងដែលមិនសូវបានប្រើប្រាស់ផងនោះ។
ពលរដ្ឋស្នើដល់អគ្គិសនីកម្ពុជា ក្រុងសៀមរាប មេត្តាពិនិត្យមើលឡើងវិញ ចំពោះករណីខាងនេះ ហើយសង្ឃឹមថា ពួកគាត់នឹងទទួលបានដំណោះស្រាយឆាប់ៗ ព្រោះបច្ចុប្បន្នអាកាសធាតុកំពុងតែឡើងកម្ដៅខ្លាំងផង បើអត់ភ្លើងប្រើពួកគាត់កាន់តែលំបាកលើសដើម៕
មតិយោបល់