ភ្នំពេញៈ សំរាមគឺជាការប្រមូលផ្តុំទៅដោយកាកសំណល់ កខ្វក់រលួយមានក្លិនស្អុយដែលធ្វើឲ្យមនុស្សម្នា នៅក្បែរនោះពិបាកដកដង្ហើម ធ្វើឲ្យប៉ះពាល់ ដល់សុខភាពគ្រប់មនុស្សទាំងអស់ ពោលគឺសំរាមវាប្រៀបបានទៅនឹងគ្រាប់បែកមេរោគដ៍ត្រជាក់ ដែលសម្ងំចូលទៅស៊ីរូងបំផ្លាញសុខភាពយើងម្តងបន្តិចៗ ហើយសម្លាប់យើងដោយមិនដឹងខ្លួន បើសិនជាយើងមិនបានគិតគូរពីផលប៉ះពាល់នៃឥទ្ធិពលរបស់វានោះ។
ជាក់ស្តែងបើសិនជាយើងធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ២៣០ និងចេញចូលផ្សារនាគមាស រួមទាំងតំបន់ផ្សារដើមគរផងដែរនោះ យើងឃើញគំនរសំរាមជាច្រើនបានហៀរហូរមកដល់លើទ្រូងផ្លូវជាប់របងម៉ុងឌីយ៉ាល់ ដោយទុកចោលគ្មានការប្រមូល ធុំក្លិនមិនល្អ បង្កផលប៉ះពាល់សុខភាព និង សោភ័ណភាពក្នុងរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ជុំវិញផ្សារនាគមាសត្រូវបានគណៈកម្មការផ្សារនាគមាសយកធ្វើអាជីវកម្ម ដោយចែកជាតំបន់ចំណតបេនឡានផ្ទេរទំនិញ ចំណតបេនឡានតាក់ស៊ី កន្លែងលក់បន្លែផ្លែឈើ ដោយយកផ្លូវធ្វើជាអាជីវកម្មដោយមានសន្តិសុខដើរប្រមូលលុយតាមកន្លែងនីមួយៗ។
ពាក់ព័ន្ធនឹងករណីនេះ កាលពីពេលថ្មីៗនេះលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានប្រាប់ឲ្យដឹងថាជុំវិញ ផ្សារនាគមាសនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅមើលនិងណែនាំឲ្យអាជ្ញាធរខណ្ឌទួលគោក ជាអ្នកត្រួតពិនិត្យបញ្ហានេះ។ ដោយលោកអភិបាលក្រុង បានបញ្ជាក់ថា សំរាម គឺជាគ្រាប់បែកមេរោគដែលសម្ងំសម្លាប់យើងដោយមិនដឹងខ្លួន បើយើងគ្រប់គ្នាមិនបានគិតគូរ ហើយបណ្តែតបណ្តោយឲ្យមានសំរាមនៅពាសវាលពាសកាល បរិស្ថានមិនល្អ ប៉ះពាល់ដល់មហាជនឆ្លងកាត់និងអ្នករស់នៅតំបន់នោះ។ នេះគឺជាពាក្យស្លោកមួយឃ្លា ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន បានដឹងឮស្ទើរគ្រប់ៗគ្នាថា «អនាម័យ នាំមកនូវសុខភាព» ប៉ុន្តែនៅក្នុងជីវភាពប្រចាំថ្ងៃវិញ បញ្ហាអនាម័យមួយចំនួន ហាក់ដូចជាមិនសូវមានការប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនដើម្បីសុខភាព ឬសោភ័ណភាពនោះទេ។ ជាក់ស្តែង ការបោះចោលសំរាម ពាសវាលពាសកាល ត្រូវបានគេប្រទះឃើញ ទាំងនៅរាជធានីទីប្រជុំជន តំបន់រមណីយដ្ឋាន និងតំបន់ជនបទចុងកាត់មាត់ញក។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានរិះគន់ទៅលើអាជ្ញាធរខណ្ឌទួលគោកថា គំនរសំរាមដែលគេយកមកចាក់ចោលទាំងនេះ វាហាក់បីដូចជាឥតសណ្តាប់ធ្នាប់និងអាណាធិបតេយ្យដល់ហើយ មិនតែប៉ុណ្ណោះសំរាមនេះ ក៏បានជះក្លិនស្អុយ ពាសពេញផ្លូវដែលអាចធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងអ្នកធ្វើដំណើរផងដែរ។
ចំពោះប្រជាពលរដ្ឋមួយចំនួនតូចដែលរស់នៅម្តុំនោះ ដូចជាខ្វះការពិចារណានិងមិនគិតពីសុខភាពខ្លួន និងពលរដ្ឋដទៃឡើយ បានយកសំរាមមកចាក់គរចោលជារៀងរាល់ថ្ងៃ ដោយគិតថាក្រុមហ៊ុន ស៊ិនទ្រី និងមកសម្អាតវិញដដែល ព្រោះតែសំអាងលើក្រុមហ៊ុន ស៊ិនទ្រី ទើបចាក់សំរាមគរចោលពេញផ្លូវ គ្មានគិតពីសុខភាព និងសណ្តាប់ធ្នាប់បរិស្ថានសោះឡើយ ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងចាក់សំរាម ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ សុំឲ្យអាជ្ញាធរខណ្ឌទួលគោក ជួយពិនិត្យលើបញ្ហានេះផង សូមឲ្យមានធុងដាក់សំរាមតាមតំបន់ឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋដាក់សំរាមឲ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ ជៀសវាងការដាក់រាយប៉ាយពាសវាលពាសកាល និង ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីរួមចំណែកថែរក្សានូវ«បរិស្ថានស្អាត ទីក្រុងស្អាត អនាម័យល្អ »៕
មតិយោបល់