ព្រៃវែង៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពកាច់កម៉ូតូគេ ហើយព្យាយាមរត់គេច ប៉ុន្តែមិនផុតពីអន្ទាក់សមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៩ព្រឹក ថ្ងៃទី២ ខែធ្នូឆ្នាំ២០១៦ នៅចំណុចភូមិស្រះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
សមត្ថកិច្ចឲ្យដឹងថា ប្រតិប្តិការឃាត់ខ្លួនជនសង្ស័យខាងលើ គឺមានការសហការរវាងប៉ូលិសស្រុកព្រះស្តេច និងកំពង់ត្របែក ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធករណីកាច់សោម៉ូតូគេ។
ជនសង្ស័យឈ្មោះ សាំ រតនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ទើបចេញពីពន្ធនាគារ) រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោរ៍ ខេត្តស្វាយរៀង។ រីឯម្ចាស់ម៉ូតូឈ្មោះ ពិន ស្រីនាថ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិភ្នៀត ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរីឆ្នាំ២០១៦។
នៅមុនពេលកើតហេតុ គឺជនសង្ស័យ និងបក្ខពួកមួយក្រុម បានបើករថយន្តមួយគ្រឿង មកចំណុចខាងលើ រួចក៏ចុះធ្វើសកម្មភាពកាច់សោម៉ូតូជនរងគ្រោះតែម្ដង ហើយក៏ត្រូវបែកការ រួចព្យាយាមរត់គេច ប៉ុន្តែត្រូវសមត្ថកិច្ចក្របួចបានទាំងមនុស្ស និងរថយន្ត ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស រីឯបក្ខពួករត់គេចបាត់។
បើតាមសមត្ថកិច្ច ក្រោយពេលឃាត់ ទើបដឹងថា ជនសង្សយ័មានដីកាចាប់ខ្លួនទៀត ហើយទើបចេញពីពន្ធនាគារថ្មីៗនេះ។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងទៅតាមនីតីវិធី ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕





មតិយោបល់