ព័ត៌មានជាតិ

លោក ហេង វ៉ាន់ដា ស្នើសុំឲ្យរដ្ឋាភិបាលបន្តអនុគ្រោះរួចពន្ធ-អាករផ្សេងៗ និងការប្រាក់រហូតដល់ដំណាច់ឆ្នាំ២០១៨

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៦ នៅក្នុងបទបង្ហាញស្តីពីការប្រមូលពន្ធលើវិស័យអប់រំនៅកម្ពុជាក្នុងឆ្នាំ២០១៦ នៅសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សា ស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តអនុគ្រោះរួចពន្ធ-អាករផ្សេងៗទៀត រួមទាំងលើកលែងប្រាក់ពិន័យ និងការប្រាក់រហូតដល់ដំណាច់ឆ្នាំ២០១៨ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប៉ុន្តែសំណើរសុំបន្តបង់តែពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំង ពន្ធប៉ាតង់ ពន្ធអចលនទ្រព្យ ដដែល។ បើមិនដូច្នេះទេ វានឹងប៉ះពាល់ដល់វិស័យអប់រំនៅកម្ពុជា ពោលគឺមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងឡើយ គ្រាដែលវិស័យអប់រំយើងនៅក្មេងខ្ចីជាងគេនៅឡើយ បើធៀបនឹងប្រទេសសមាជិកអាស៊ាន។

លោកបានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលើកទឹកចិត្តពន្ធដល់គ្រឹះស្ថានឧត្តមសិក្សាបង់ថ្លៃ រួមមាន ទី១.អនុញ្ញាតឲ្យលើកលែងពន្ធអប្បបរមាប្រចាំឆ្នាំ ១% លើផលរបរប្រចាំឆ្នាំ និងព្យួរទុកប្រាក់រំដោះពន្ធលើប្រាក់ចំណេញប្រចាំខែ ១% លើផលរបរប្រចាំខែ រហូតដល់ដំណាច់ឆ្នាំ២០១៧។ ក៏បុន្តែក្នុងករណី គ្រឹះស្ថានឧត្តមសិក្សាទាំងអស់នោះ ទទួលបានប្រាក់ចំណេញ គឺត្រូវបង់ពន្ធលើប្រាក់ចំណេញជូនរដ្ឋស្របតាមច្បាប់។ ការលើកលែងពន្ធអប្បបរមា និងព្យួរប្រាក់រំដោះខាងលើនេះ អនុញ្ញាតបានលុះត្រាតែគ្រឹះស្ថានឧត្តមសិក្សាត្រូវកាន់បញ្ជីការគណនេយ្យឲ្យបានត្រឹមត្រូវស្របតាមច្បាប់ជាធរមាន និងត្រូវមានរបាយការណ៍សវនកម្មពីស្នការគណនេយ្យឯករាជ្យ។

ទី២.អនុញ្ញាតឲ្យព្យួរទុកការប្រមូលអាករលើតម្លៃបន្ថែម រហូតដល់មានការសម្រេចជាថ្មីរបស់រាជរដ្ឋាភិបាល និងទី៣.ចំពោះការស្នើសុំលើកលែងប្រាក់ពិន័យ និងការប្រាក់វិញ តាមរយៈចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ គ្រឹះស្ថានឧត្តមសិក្សាទាំងនោះ ត្រូវបានអនុញ្ញាតឲ្យលើកលែងចាប់ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៥ រួចហើយ។ ដូច្នេះចាប់ពីឆ្នាំ២០១៦ តទៅ ក្នុងករណីរដ្ឋបាលសារពើពន្ធរកឃើញការប្រកាសបង់ពន្ធខ្វះ ឬមិនត្រឹមត្រូវ គ្រឹះស្ថានឧត្តមសិក្សាទាំងនោះ នឹងត្រូវទទួលរងនូវការកំណត់ពន្ធឡើងវិញ ស្របតាមច្បាប់ជាធរមាន។

សូមជ្រាបថា ពន្ធលើប្រាក់ចំណេញ ជាប្រភេទពន្ធដែលរដ្ឋដកហូតដោយផ្ទាល់ពីគ្រឹះស្ថានអប់រំ។ ប៉ុន្តែរបៀបគណនាពន្ធលើប្រាក់ចំណេញ មិនមែនយកទៅលើប្រាក់ចំណេញពិត ពីបញ្ជីគណនេយ្យនោះទេ គឺមូលគិតពន្ធលើប្រាក់ចំណេញ គឺជាប្រាក់ចំណេញដែលគណនាដោយច្បាប់ពន្ធប្រាក់ចំណេញ។ ជាទូទៅប្រាក់ចំណេញដែលគណនាដោយច្បាប់ពន្ធប្រាក់ចំណេញ តែងតែធំខ្លាំងជាងប្រាក់ចំណេញពិតរបស់គ្រឹះស្ថានអប់រំជានិច្ច។ ជាពិសេសទៅទៀត រួបមន្តកំហឹតការប្រាក់ និងការវិនិយោគបន្ត ដើម្បីពង្រីកតាមស្តង់ដាជាតិ ស្តីពី គុណភាពអប់រំនៅកម្ពុជា ក៏មិនត្រូវបានយកមកពិចារណានៃច្បាប់ពន្ធប្រភេទនេះ៕

photo_2016-05-19_13-54-19 photo_2016-05-19_13-54-15 photo_2016-05-19_13-54-18 photo_2016-05-19_13-54-17 photo_2016-05-19_13-24-29

មតិយោបល់