ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន១កញ្ចប់ និងម៉ូតូមួយគ្រឿង

ភ្នំពេញ: សមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន ១កញ្ចប់ និងម៉ូតូ១គ្រឿង កាលពីវេលាម៉ោង ១រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្លូវបេតុង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

លោក ណាយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ទី១ឈ្មោះ ធឹប ចាន់តក់ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរនិងទីលំនៅមិនពិតប្រាកដ។ ទី២ឈ្មោះ វ៉ា សំអុល ហៅហើម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់លៀសហាល មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ និងទី៣-ឈ្មោះ ពុធ សៅ ហៅសៅ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ លក់លៀសហាល មានទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

លោកបានបន្តថា នៅយប់ថ្ងៃទី២ ខែធ្នូ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឬស្សីកែវ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ខណ:ពេលដែលកំពុងជិះល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យ ៣នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក សង់កូរ៉េ ពណ៌ក្រហម ដោយមានការសង្ស័យ ទើបសមត្ថកិច្ចយើងធ្វើការសួរ និងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា ចំនួន ១កញ្ចប់ធំ ជាប្រភេទ ម៉ាទឹកកក ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ ដើម្បីការសាកសួរបន្ត។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៣នាក់នេះរួចមក ជនសង្ស័យទាំង៣នាក់បានសារភាពថា ថ្នាំញៀនដែលពួកគេទិញនោះ គឺនៅម្តុំរោងចក្រឆ្នាំង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

គួររំលឹកផងដែរថា រាល់បទល្មើសគ្រឿងញៀននៅតាមបណ្តាខណ្ឌដែលចាប់បាន គឺចេញពីតំបន់រោងចក្រឆ្នាំងទាំងអស់។ ហេតុអ្វីបានជាអាជ្ញាធរខណ្ឌទួលគោក មិនមានវិធីការចាត់ការទៅលើក្រុមឈ្មួញដែលជួញដូរគ្រឿងញៀនបែបនេះទៅវិញ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់