នៅរសៀលថ្ងៃទី២៤ខែកុម្ភៈម្សិលមិញនេះ ក្រុមហ៊ុន Nokia បានប្រកាសបង្ហាញស្មាតហ្វូនត្រកូល X ប្រើប្រាស់ប្រព័ន្ធដំណើរការ Android ដូចអ្វីដែលបានលេចឮ ហើយចម្ងល់ជាច្រើនក៏បានកើតមានផងដែរ នៅពេល Nokia ធ្វើបែបនេះ។

សំណូរមួយដែល ត្រូវបានគេចោទសួរច្រើនជាងគេនោះគឺថា ហេតុអ្វីបានជា Nokia ប្រើ Android?
លោក Stephen Elop អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកឧបករណ៍ និងសេវាកម្ម និងជាអតីតនាយកប្រតិបត្តិ Nokia បានឲ្យដឹងថា មូលហេតុចម្បងនោះគឺថា Nokia Asha ពុំអាចប្រកួតប្រជែងនឹងទីផ្សារផ្សេងបាន មួយវិញទៀតចាប់តាំងពី Windows Phone 8.1 ចេញមក ក្រុមហ៊ុនពុំអាចបង្កើតស្មាតហ្វូនដែលប្រើស៊ីមកាតពីរបាននោះទេ ដែលនេះហើយធ្វើឲ្យ Nokia បាត់បង់ទីផ្សារល្អប្រសើរមួយ ដូច្នេះ Nokia ក៏ងាកមកចាប់យក Android ប៉ុន្តែ Android ដែល Nokia ប្រើនេះវាមិនមែនដូច Android គេផ្សេងនោះទេ ព្រោះថា Nokia និង Microsoft បានបញ្ជូលនូវបច្ចេកវិទ្យាជាច្រើន រួមទាងលក្ខណៈពិសេសដែលធ្វើឲ្យវាហាក់ដូចជាកូនកាត់អីចឹង។
ព្រមជាមួយគ្នានោះ លោក Elop ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបាននឹងកំពុងតែជោគជ័យជាមួយនឹងប្រព័ន្ធដំណើរការ Android ដូច្នេះវាក៏ជាចំណុចមួយដែលយើងគួរតែចាប់អារម្មណ៍ផងដែរ។
គួរបញ្ជាក់ផងដែរថា អាជីវកម្មទូរស័ព្ទចល័តរបស់ Nokai ត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Microsoft ក្នុងតម្លៃ ៧,២ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកទីផ្សារ Windows Phone ប៉ុន្តែនៅពេលនេះបែរជាត្រូវប្រើ Android វិញ៕
មតិយោបល់