ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៥នាក់របួសធ្ងន់ស្រាល

បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿង បើកបរខ្វះការប្រុងប្រយត្ន័បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៥នាក់ របួសធ្ងន់និងស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កម៉ាកវីហ្គូ ពណ៌ទឹកប្រាក់ ចង្កូតស្ដាំពាក់ស្លាកលេខ 9336 បើកបរដោយបុរសម្នាក់ឈ្មោះ ដាំ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិថៃ រស់នៅក្នុងប្រទេសថៃ។ ចំណែករថយន្តម្ខាងទៀតបើកបរដោយឈ្មោះ ឈន ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិបឹងព្រលឹត សង្កាត់ស្ទឹងកាច់ ខណ្ឌសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់ និងអ្នករួមដំណើរ៣នាក់ទៀតទី១ឈ្មោះ ជុំ ឡូញ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិបឹងព្រលឹត សង្កាត់ស្ទឹងកាច់ ខណ្ឌសាលាក្រៅ ខេត្តប៉ៃលិន។ ទី២ឈ្មោះ ជុំ ចិន ភេទស្រីអាយុ៣២ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិបឹងព្រលឹត សង្កាត់ស្ទឹងកាច់ ខណ្ឌសាលាក្រៅ ខេត្តប៉ៃលិន។ និងទី៣ឈ្មោះ ឈឿន មករា ភេទស្រី អាយុ៤ឆ្នាំ ត្រូវជាកូនជុំចិន អ្នកទាំង៣នាក់របួសស្រាល ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក វីហ្គូពណ៌ទឹកប្រាក់ ចង្កូតស្ដាំ ពាក់ស្លាកលេខ 9336 បើកបរដោយបុរសជនជាតិថៃម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា លុះបានមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបើកវ៉ារថយន្តធន់ធំមួយគ្រឿង តែមិនផុតក៏ជ្រុលចង្កូត ទៅបុករថយន្តមួយគ្រឿងទៀតម៉ាកកាមរី ចង្កូតស្ដាំសេរី៩៣ ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 2A-0321បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្ស៣នាក់ទៀតលើរថយន្ត ក៏បុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើករថយន្តម៉ាក កាមរីរងរបួសធ្ងន់ ចំណែកអ្នករួមដំណើររងរបួសស្រាល ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី ។ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោង រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់