ភ្នំពេញៈ បុរសម្នាក់ បានត្រឹមឱបដៃទាំងទឹកមុខស្រងូតស្រងាត់ សំឡឹងឈរមើលម៉ូតូរបស់ខ្លួនពីចម្ងាយ ក្រោយពីម៉ូតូរបស់គាត់ត្រូវម្ចាស់រថយន្តAudi ពាក់ស្លាកលេខ ភ្នំពេញ 2AH-3988 សេរីខ្ពស់កប់ពពក បើកបុក រួចអូសម៉ូតូរបស់គាត់ទៅទុកក្នុងផ្ទះរបស់ខ្លួន ដើម្បីឲ្យសងលុយថ្លៃខូចខាតដល់ទៅ១ពាន់ដុល្លារ។ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវ២០០៤ ទល់មុខបុរីអូរគីដេ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿង តាមផ្លូវ២០០៤ ពីពោធិ៍ចិនតុង មកភ្លើងស្តុបណូគា ស្រាប់តែដល់មុខបុរីអូរគីដេ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកAudi ពាក់ស្លាកលេខ ភ្នំពេញ 2AH-3988 បានបើកបត់ចូលផ្ទះក្នុងបុរី ខណៈនោះស្រាប់តែទៅបុកជាមួយនឹងម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល ធ្វើឲ្យរថយន្តបែកអំពូលផ្នែកខាងមុខ។ ភ្លាមៗនោះម្ចាស់រថយន្ត ទារឲ្យជនរងគ្រោះសងថ្លៃស្តុប រថយន្តរបស់ខ្លួនចំនួន១ពាន់ដុល្លារ ប៉ុន្តែដោយសារតែបុរសអ្នកបើកម៉ូតូគ្មានលុយ ម្ចាស់រថយន្តស៊េរីទំនើបខាងលើ បានអូសម៉ូតូរបស់ជនរងគ្រោះទៅទុកក្នុងផ្ទះរបស់ខ្លួនតែម្តង។
តែបើយោងតាមមន្រ្តីនគរបាល ដែលបានមើលពីទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាននិយាយថា ភាគីខាងរថយន្តជាអ្នកខុស ព្រោះម៉ូតូស្ថិតនៅលើផ្លូវធំ។
ពាក់ពន្ធ័ករណីខាងលើនេះដែរ ត្រូវបានមតិមហាជនរិះគន់ថា មិនគួរណាជិះរថយន្តទំនើបតម្លៃកប់ពពក តែមានចរិកអន់បែបនេះទេ បើភាគីខាងម៉ុតូខុស ហេតុអ្វីចាំបាច់អូសម៉ូតូគ្នាយកទៅទុកក្នុងផ្ទះរបស់ខ្លួន ម៉េចក៏មិនឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយ?! ៕
មតិយោបល់