ព្រៃវែងៈ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពេលដែល អ្នកទាំងពីរបានបើម៉ូតូក្នុងល្បឿនលឿន ប្រជែងនឹងរថយន្តមួយគ្រឿងទៀត នៅត្រងចំណុចផ្លូវកោង ដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាយឲ្យជ្រុលចង្កូតធ្លាក់ផ្លូវ ទៅបុកផ្ទប់នឹងគល់ដើមអំពិលបារាំង បណ្ដាឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ។
មន្រ្តីនគបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវកោង ផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិគដា ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
នគបាលបានបញ្ជាក់ទៀតថា គ្រោះថ្នាក់នេះកើតឡើងដោយឯកឯង ពោលគឺជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1F-2669 បើកបរដោយឈ្មោះជៀង ផា អាយុ២២ឆ្នាំ ស្នាក់នៅភូមិកាចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង(ស្លាប់) អ្នកជិះពីក្រោយ ឈ្មោះ ណាំ អុល អាយុ ៤១ឆ្នាំ ស្នាក់នៅភូមិ ឃុំជាមួយគ្នា បានរងរបួសធ្ងន់។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ទៅសមត្ថកិច្ចថា មុនពេលកើតហេតុ គេឃើញអ្នកទាំងពីរបើកម៉ូតូ យ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ផ្លូវកោង ចំណុចកើតហេតុខាងលើ ម៉ូតូបានបើកប្រជែងនឹងរថយន្ត មួយគ្រឿងទៀតដោយខ្វះការប្រុងប្រយ័ត្ន ព្រោះស្ថានភាពផ្លូវកោងផងនោះ ធ្វើឲ្យជ្រុលចង្កូត ម៉ូតូរត់ឆ្លាក់ផ្លូវ ទៅបុកផ្ទប់នឹងគល់ដើម អំពិលបារាំង ដែលរលំជាយូរឆ្នាំហើយ បណ្ដាលឲ្យអ្នកបើកម៉ូតូ បោកក្បាលបែកធ្លាយខួរ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំនែកអ្នករួមដំណើរ ពីក្រោយរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំពោះសាកសពត្រូវសមត្ថកិច្ចប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់