ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Amazon កំពុងធ្វើតេស្តហាងទំនិញ គ្របដណ្តប់ទៅដោយបច្ចេកវិជ្ជា

photo_2016-12-06_15-13-27
ក្រុមហ៊ុន Amazon កំពុងធ្វើតេស្តហាងលក់អីវ៉ាន់នៅទីក្រុង Seattle បំពាក់បច្ចេកវិជ្ជាថ្មី ដែលអនុញាតឲ្យអតិថិជនដើរចូល ជ្រើសយកឥវ៉ាន់ពីក្នុងហាង រួចហើយដើរចេញមកវិញ ដោយមិនចាំបាច់ឈរតម្រង់ជួរគិតលុយទៀតនោះទេ។
ដោយអតិថិជនគ្រាន់តែចុចលើទូរស័ព្ទដៃរបស់ពួកគេ មុនពេលចូលក្នុងហាង ត្រង់កន្លែងច្រកចូល វានឹងបញ្ចូលគណនី Amazon Prime របស់អ្នកទិញ ភ្ជាប់ទៅកាន់បណ្តាញខាងក្នុងហាង តាមរយៈកម្មវិធីមួយ។

សេវាកម្មមួយនេះ ត្រូវបានឲ្យឈ្មោះថា Amazon Go ដែលវាប្រើប្រាស់ម៉ាស៊ីនចាប់យកសញ្ញា (sensor) រួមជាមួយមុខងារបញ្ញាញាណនិមិត្ត (Artificial Intelligence) ដើម្បីតាមដានរាល់ទំនិញដែលអ្នកទិញជ្រើសរើសយក។ ក្រោយពេលយើងជ្រើសរើសទំនិញរួច កម្មវិធីនេះ នឹងដាក់បញ្ចូលរាល់មុខទំនិញទាំងអស់ ចូលក្នុងគណនីដែលយើងបានភ្ជាប់ជាមួយទូរស័ព្ទដៃពេលដើរចូលហាងដំបូង ហើយប្រសិនបើអ្នកចង់ដកអីវ៉ាន់ចេញវិញខ្លះ គ្រាន់តែយកអីវ៉ាន់ដែលរើសរួចយកទៅទុកវិញ កម្មវិធីនឹងធ្វើការដកមុខទំនិញចេញពីគណនីរបស់អ្នកវិញដូចគ្នា។ ក្រុមហ៊ុន បានហៅបច្ចេកវិជ្ជានេះថា «Just walk out»។

នៅពេលដែលអ្នកទិញសម្រេចចិត្តថានឹងចាកចេញពីហ៊ាង កម្មវិធី Amazon Go នឹងធ្វើការកាត់លុយនៅលើគណនី Amazon រាល់ទំនិញណាដែលបានជ្រើសរើសយក ក្រោយពេលអ្នកដើរចេញផុតពីបន្ទាត់បច្ចេកវិជ្ជាដែលកំណត់ដោយហាង។
ក្រុមហ៊ុនបាននិយាយថា ខ្លួនចាប់ផ្តើមធ្វើការទៅលើគម្រោងនេះតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ហើយបច្ចុប្បន្ន វាកំពុងត្រូវបានធ្វើតេស្តដោយ បុគ្គលិក Amazon ប៉ុន្តែ វាអាចនឹងបើកប្រើជាសាធារណៈនៅដើមឆ្នាំ ២០១៧ ខាងមុខនេះហើយ។
បើចង់ដឹងពីលក្ខណៈហាងបច្ចេកវិជ្ជា Amazon ឱ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់