បន្ទាប់ពីមានមុខមាត់នៅក្នុងពិភពចម្រៀង តារាចម្រៀង រតនៈ ពិសី បានប្រកាសប្រាប់ថាខ្លួនទើបនឹងមាន Original song ជាប្រភេទស្នាដៃកូនខ្មែរលើកដំបូងក្នុងនាមជាតារាចម្រៀង ដើម្បីទម្លុះទីផ្សារ។
ជាមួយនឹងការរំពឹងខ្ពស់ គេឃើញនាងចាកចេញភ្លាមៗទៅកាន់ប្រទេសសិង្ហបុរីកាលពីព្រឹកថ្ងៃទី៦ ធ្នូ មុននេះ ដោយអះអាងថាទៅលំហែកាយ និងដើម្បីចំណាយលុយកាក់ទិញគ្រឿងតុបតែងកាយត្រៀមបង្អួតស្ទីលថ្មីក្នុង MV សម្រាប់បទថ្មីដែលជាប្រភេទបទកូនខ្មែរលើកដំបូងនោះ។
កញ្ញា រតនៈ ពិសី បានអះអាងថាក្រោយពីបានឈានចូលផលិតកម្មបុត្រាក្នុងនាមជាតារាចម្រៀងកុងត្រា ផលិតកម្មបានសម្រេចរៀបចំក្រុមការងារផលិតបទចម្រៀង Original Song ឲ្យនាង ដែលនាងយល់ថានេះការលើកស្ទួយក្នុងវិស័យសិល្បៈចម្រៀង។
នាងបានថ្លែងថា បទOriginal Song របស់ខ្លួនរួមមាន៤បទ គឺបទ«អស់អារម្មណ៍» បទ«ស្នាមញញឹមបង» បទ«តុក្កតាវេទមន្ត» និងបទញាក់«So bad» ដោយបទទាំងនោះនាងថាបទ«អស់អារម្មណ៍»បានក្លាយជាបទចម្រៀងលេចធ្លោក្នុងស្រទាប់យុវវ័យ។ នាងថាបទនោះមានខ្លឹមសារចាក់ដោតត្រូវចិត្តយុវវ័យភាគច្រើន ដោយសារតែខ្លឹមសារបទចម្រៀងជាប្រភេទមនោសញ្ចេតហើយជាបទភ្លេងប្រភេទស្នេហារ៉ូម៉ានិក។ នាងគ្រោងផលិតMV ឲ្យល្អ សម្រាប់បទទាំង៤ ដោយក្នុងចំណោមនោះនាងថាបទ«អស់អារម្មណ៍»គឺនឹងមានសាច់រឿងសម្រិតសម្រាំងជាងគេ ដើម្បីឲ្យកាន់តែមានចំណាប់អារម្មណ៍ដូចគ្នានឹងបទចម្រៀងដែលបានចេញផ្សាយ។
នាងថាជំហានចូលក្នុងផលិតកម្មបុត្រា បានរុញឲ្យនាងមានភាពកក់ក្ដៅ បន្ទាប់ពីខាងផលិតកម្មបានចំណាយទុនរៀបចំក្រុមការងារដើម្បីផលិតបទចម្រៀង Original Song ជួយឲ្យនាងប្រែប្រួលប្រជាប្រិយភាព។ នាងថានាពេលកន្លងមក មហាជនបានផ្ដោតការចាប់អារម្មណ៍លើសម្រស់សិចស៊ីរបស់នាង ប៉ុន្តែក្នុងពេលបន្តបន្ទាប់គឺនាងរំពឹងថាបទនិពន្ធថ្មីរបស់ខ្លួននឹងទទួលបានការចាប់អារម្មណ៍ជាជំនួសវិញ ដោយសារតែបទស្នាដៃកូនខ្មែរដែលនាងបកស្រាយដោយផ្ទាល់ មានជំហានទាក់ទាញ។
រតនៈ ពិសី បានអះអាងថាក្រោយពេលកុងត្រាចូលច្រៀងនៅផលិតកម្មបុត្រា គឺមាន មានផលិតកម្មធំ២ទាក់ទងឲ្យនាងចូលច្រៀង តែនាងមិនមានបំណងហោះហើរទៅណានោះទេ ដោយសារតែនាងយល់ថាបុត្រាក៏បានចំណាយទុនផលិតបទមិនចម្លងគេឲ្យនាង។ នាងក៏បានចាកចេញទៅកាន់ប្រទេសសិង្ហបុរីកាលពីព្រឹកទី០៦ ខែធ្នូ មុននេះ ដើម្បីទៅទិញគ្រឿងតុបតែងខ្លួន និងលំហែកាយ ខណៈដែលគេក៏សង្ស័យថានាងទំនឹងជាស្កាត់ជួបម្ចាស់ស្នេហ៍នៅទីនោះ។ នាងទទួលស្គាល់ថាខ្លួនពិតជាមានបុរសចោមស្នេហ៍ ប៉ុន្តែមិនទាន់មានបុរសណាម្នាក់ត្រូវចិត្តនាងនៅឡើយ៕










មតិយោបល់