ព័ត៌មានជាតិ

អស្ចារ្យមែន!.. ប៉ូលិស ចាប់ប៉ូលិស

កណ្តាលៈ ជនសង្ស័យចំនួន២នាក់ តាំងខ្លួនជាអ្នកការសែតជាតិសែនជ័យក្លែងឯកសណ្ឋាននគរបាលជាតិធ្វើសកម្មភាពជំរិតទារប្រាក់ពីម្ចាស់ការដ្ឋានសំណង់សួនកំសាន្តមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ធ្វើការចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចការដ្ឋានសំណង់សួនកំសាន្ត ស្ថិតក្នុងភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនខាងលើនេះ ទី១ឈ្មោះ ណុប ប៊ុនធីម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាអ្នកយកព័ត៌មានឲ្យអង្គភាពជាតិសែនជ័យ ស្នាក់នៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ មឿន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគួកជេរដី ស្នាក់នៅភូមិក្រូច ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកឯដើមបណ្តឹងឈ្មោះ ទឺ លីហ៊ុយ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរជាអ្នកបកប្រែ តំណាងឲ្យម្ចាស់ការដ្ឋានសំណង់សួនកំសាន្ត ស្នាក់នៅបច្ចុប្បន្នផ្ទះលេខ៨០BE០ ផ្លូវ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកអធិការបានបន្តថា ក្នុងប្រតិបត្តការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ឯកសណ្ឋាននគរបាលជាតិ (ឯកសណ្ឋានការងារពាក់ស័ក្តិ៣) ចំនួន១សម្រាប់, វិទ្យុទាក់ទង(អាយឌី) ចំនួន២គ្រឿង, នាមប័ណ្ណឈ្មោះ មឿន សុផល (អង្គភាពស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ការិយាល័យទី២ ក្រសួងមហាផ្ទៃ) ចំនួន១ដុំ , ខ្នោះចំនួន១ និងស្រោម១ ,ស្រោមដៃព៌ណស១គូ ,ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ គ្មានផ្លាកលេខ ,ទូរសព្ទដៃ១គ្រឿង ម៉ាកសាំស៊ុងណូត ,ប័ណ្ណព័ត៌មានចំនួន២(ឈ្មោះ ណុប ប៊ុនធីម) និងមួកប៉ារ៉េ១ ពណ៌ខ្មៅមានអក្សរPOLICE ។

លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យទាំង២នាក់ បានស្លៀកពាក់បន្លំខ្លួនជានគរបាលជាតិ ជិះម៉ូតូទៅការដ្ឋានសំណង់របស់ជនរងគ្រោះ សុំធ្វើការត្រួតពិនិត្យសំណុំបែបបទនិងច្បាប់នានា ដោយតាំងខ្លួនជានគរបាលអង្គភាពស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ។ ប៉ុន្តែមិនបានជួបជាមួយជនរងគ្រោះនោះទេ ក្រុមជនសង្ស័យក៏បានទុកនាមប័ណ្ណដែលលេខទូរសព្ទ 015 4597 773 ផ្ញើរឲ្យជនរងគ្រោះ។ លុះស្អែកឡើងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះបានតេទូរសព្ទទៅជនសង្ស័យ ពេលនោះជនសង្ស័យបានជំរិតទារលុយពីជនរងគ្រោះចំនួន៣០០ដុល្លារ តែជនរងគ្រោះប្រាប់ថាគ្មានលុយទេ សុំឲ្យត្រឹម៥០ដុល្លារ ហើយជនសង្ស័យក៏ព្រមទទួលយក។ រហូតដល់ព្រឹកថ្ងៃទី៨ ខែឆ្នាំដដែល ទើបក្រុមជនសង្ស័យជិះម៉ូតូឌុបគ្នាទៅការដ្ឋានជនរងគ្រោះដើម្បីយកលុយ តែពេលទៅដល់ជនរងគ្រោះមិនបានឲ្យលុយទៅជនសង្ស័យនោះទេ ពោលគឺបានប្តឹងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឲ្យជួយអន្តរាគមន៍ចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ដើម្បីចាត់ការតាមច្បាប់តែម្តង។

លោកអធិការបានបញ្ជាក់ទៀតថា កន្លងមកសង្ស័យទាំង២នាក់ ធ្លាប់ប្រព្រឹត្តបទល្មើសក្លែងបន្លំជានគរបាលជាតិ ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះអស់ជាច្រើននាក់រួចមកហើយ។ សកម្មភាពនេះប្រព្រឹត្តនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកសកម្មភាពនៅស្រុកអង្គស្នួល ធ្វើបានសម្រេចមួយដង ជំរិតទារលុយពីអ្នកកត់កន្ទុយលេខនៅផ្សារថ្នល់ទទឹងបានចំនួន៥ដុល្លារ លើកទី២នេះក៏ត្រូវសមត្ថកិច្ចយើងចាប់ខ្លួនតែម្តង៕

មតិយោបល់